ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG បានបង្ហាញចេញនូវទូរស័ព្ទស៊េរីថ្មី X300 នៅក្នុងប្រទេសកូរ៉េ ហើយកាលពីពេលមុននេះ ឈ្មោះរបស់ទូរស័ព្ទនេះ ត្រូវបានគេហៅថា LG GX300 ។ ទូរស័ព្ទ LG X300 ស៊េរីថ្មីនេះ មានរូបរាងស្រស់ស្អាតទាន់សម័យទោះបីជាវាស្ថិតនៅក្នុងទូរស័ព្ទថ្នាក់កណ្តាលក៏ដោយ។ ទូរស័ព្ទស៊េរីថ្មីនេះ ភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពច្បាស់ 720p LCD រួមទាំងបន្ទះឈីប Snapdragon 425 ដែលមាន CPU ចំនួន 4 គ្រាប់ដែលមានល្បឿន 1.4GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB (លោកអ្នកអាចធ្វើការបន្ថែមនូវកាត microSD បានថែមទៀត) កាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលសម្រាប់ធ្វើការថតរូប Selfie បានយ៉ាងស្រស់ស្អាត។
អ្វីដែលកាន់តែអស្ចារ្យជាងនេះ ទៀតនោះ ទូរស័ព្ទ LG X300 នេះប្រើប្រាស់នូវប្រព័ន្ធ 4G LTE, Wi-Fi b/g/n, Bluetooth 4.2 និងប្រព័ន្ធ NFC ផងដែរ។ ទូរស័ព្ទនេះ ប្រើប្រាស់នូវរន្ធផត microUSB 2.0 នៅឡើយមិនទាន់បានធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់នូវរន្ធផត USB Type-C ទេ។ អ្វីដែលទាក់ទាញនោះ ទូរស័ព្ទ X300 នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ថាមពលថ្មទំហំ 2500mAh ហើយសមត្ថភាពរបស់ Hardware នេះក៏ខ្លាំងមិនធម្មតាផងដែរ។ ទូរស័ព្ទ LG X300 មានតម្លៃ 253000 វ៉ុន (តម្លៃប្រហែលជា 220 ដុល្លារអាមេរិច) ។ យ៉ាងណាមិញ ការចាប់ផ្តើមការលក់ទូរស័ព្ទស៊េរីថ្មីនេះនៅមិនទាន់បានដឹងនៅឡើយទេ ហើយគម្រោងនៃការលក់ក្រៅពីទីផ្សាររបស់ប្រទេសកូរ៉េក៏មិនទាន់បានដឹងដែរ៕