សម្រាប់ក្រុមហ៊ុន Sony Mobile អាជីវកម្មទៅលើស្មាតហ្វូនមិនមានមានន័យថា ការផលិតនូវស្មាតហ្វូនច្រើនដែលមានតម្លៃខ្ពសថ្លៃនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុនមួយនេះ បានដាក់លក់នូវស្មាតហ្វូនថ្នាក់កណ្តាលម៉ូដែលត្រកូល Xperia ជាច្រើនស៊េរី ហើយស្មាតហ្វូនស៊េរីថ្មីជាច្រើន ត្រូវបានគេរំពឹងថា នឹងប្រកាសបង្ហាញខ្លួននៅដើមខែកុម្ភៈខាងមុខនេះ ។ បើទោះបីជាក្រុមហ៊ុន Sony Mobile បានបង្ហាញខ្លួនរួចហើយនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ CES កាលពីដើមខែនេះក្តី ក្រុមហ៊ុន នៅមិនទាន់បានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីអ្វីនៅឡើយទេ។
វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងតែរង់ចាំក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីនៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែលនឹងធ្វើឡើងនៅចុងខែកុម្ភៈនេះវិញ។ ស្មាតហ្វូនមួយដែលអាចនឹងប្រកាសបង្ហាញបង្ហាញខ្លួននៅខែក្រោយនេះ គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Xperia XA ។ នេះ មិនមែនជាលើកទី 1 នោះទេដែលយើងបានលឺអំពីទូរស័ព្ទមួយនេះ ហើយអ្នកអានមួយចំនួនក៏ប្រហែលជាបានអានអំពីរបាយការណ៍មុនដែលបានបង្ហាញពីរូបភាព Render ដំបូងបំផុតរបស់ស្មាតហ្វូននេះផងដែរ។
នៅថ្ងៃនេះ រូបភាព Renders ជាច្រើនរបស់ស្មាតហ្វូនជំនាន់បន្ទាប់របស់ Xperia XA បានបែកធ្លាយ ដែលពេលនេះ យើងអាចមើលឃើញយ៉ាងច្បាស់អំពីរូបរាងដ៏ទាក់ទាញរបស់វាដូចជារន្ធ USB Type-C រន្ធកាសស្តាប់ 3.5mm Audio Jack រួមទាំងការរចនារូបរាងកាន់តែប្លែកទាន់សម័យបើធៀបជាមួយនឹងការរចនារូបរាងស៊េរីមុនៗដែលបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC 2016 នោះ។ យ៉ាងណាមិញ រូបភាពនេះ នៅមិនទាន់អាចធ្វើការធានាថា វាជាស្មាតហ្វូនជំនាន់បន្ទាប់របស់ Xperia XA នោះទេ ប៉ុន្តែគ្រាន់តែរូបរាងថ្មីរបស់ស្មាតហ្វូន Xperia នេះ នៅមិនទាន់ធ្លាប់បានប្រកាសបង្ហាញវត្តមាននៅឡើយទេ៕