Meizu MX6 គឺជាស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានការរចនារូបរាងឡើងយ៉ាងប្រណីតព្រមទាំងភ្ជាប់មកជាមួយនូវកំលាំងម៉ាស៊ីនខ្លាំង និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗបំពេញបានតាមតម្រូវការប្រើប្រាស់ទូទៅ។ គ្រាន់តែឃើញរូបរាងខាងក្រៅរបស់វាខ្ញុំពិតជាពេញចិត្តមែនទែន។
រូបរាង និងរចនាបថ
តួរទាំងមូលរបស់ Meizu MX6 ផលិតឡើងពីលោហះ និងក្រាលដោយកញ្ចក់នៅផ្នែកខាងមុខជាមួយកម្រាស់តួរ 7.3 មម និងទំងន់ 155 ក្រាម។ទូរស័ព្ទស៊េរីថ្មីនេះមានជម្រើសបួនពណ៌គឺទឹកមាស ផ្កាឈូក ប្រផេះ និងទឹកប្រាក់។ MX6 មានគែមជុំវិញមានសណ្ឋានមូលដែលនៅខាងស្តាំរបស់វាមានបង្កប់ដោយប៊ូតុងបិទបើក-ចាក់សោរ និងប៊ូតុងឡើងចុះសម្លេងរោទិ៍, ឆ្វេងដៃមានបង្កប់ដោយរន្ធដោតដាក់ស៊ីមកាតទាំងពីរ និងម៉េមូរីកាត, រន្ធដោតកាសខ្នាត 3.5 មម, USB (Type-C), ឧប៉ាល័រសម្លេង និងរន្ធស្រូបសម្លេងសន្ទនាស្ថិតនៅខាងក្រោម និងខាងលើមានរន្ធម៉ិចស័រស្រូបសម្លេងតូចមួយ។ ផ្ទៃខាងមុខក្រាលពេញដោយកញ្ចក់ខាងក្រោមមានប៊ូតុងហូមស្គ្រីនមួយដែលអាចប្រើជាប៊ូតុងត្រឡប់ក្រោយ និងទ្រនាប់ស្កែនម្រាមដៃ, ខាងលើមានឧប៉ាល័រស្តាប់ការសន្ទនា, ស៊ិនស័របិទពន្លឺអេក្រង់ និងកាមេរ៉ា។ ត្រឡប់មកក្រោយយើងឃើញមានរង្វង់កាមេរ៉ា អំពូល LED flash, អក្សរ MEIZU ហើយខាងលើក្រោមមានគំនូសទទឹងតួរ (Antenna Lines) ស្រដៀងនឹងទូរស័ព្ទស៊េរី iPhone 6 ដែរ។
កញ្ចក់អេក្រង់ទំហំ 5.5 អ៊ីង
Meizu MX6 បំពាកដោយកញ្ចក់អេក្រង់មានសភាពផុស 2.5D កម្រិត Full-HD (1080x1920px) ទំហំ 5.5 អ៊ីងប្រភេទ IPS LCD។ ការបង្ហាញរូបភាព និងវីដេអូនៅលើកញ្ចក់អេក្រង់របស់ MX6 ពិតជាច្បាស់ល្អជាមួយពណ៌ និងពន្លឺភ្លឺថ្លាត្រជាក់ភ្នែក។ កញ្ចក់អេក្រង់របស់វាបំពាក់នូវបច្ចេកវិទ្យាពណ៌ និងពន្លឺ (Sharp TDDI Technology) ជាមួយកម្រិតភាពច្បាស់ 403ppi។ ចំពោះការប្រើប្រាស់នៅទីដែលមានពន្លឺ ឬក្រោមកំដៅថ្ងៃខ្លាំងមិនសូវជាមានបញ្ហាឡើយដោយវានៅតែជួយកែសម្រួលកម្រិតពណ៌ និងពន្លឺទៅតាមពន្លឺខ្លាំងខ្សោយហើយកាត់បន្ថយចំណាំផ្លាតបានយ៉ាងល្អ។ និយាយរួមគឺកញ្ចក់អេក្រង់របស់ MX6 នៅតែបង្ហាញបានច្បាស់ល្អគ្រប់ពេលគ្រប់ទីតាំង។
កំលាំងម៉ាស៊ីន និងប្រតិបត្តិការ
ងាកមកកំលាំងម៉ាស៊ីនវិញគឺ Meizu MX6 ប្រតិបត្តិការលើបន្ទះឈីប MediaTek ស៊េរី Helio X20 MT6797 ដែលមានអង្គគណនារហូតដល់ទៅ 10 គ្រាប់ (deca-core processor) បែងចែកជាបីគឺ dual-core cortex-A73 ល្បឿន 2.3GHz, quad-core cortex-A53 ល្បឿន 1.9GHz និង quad-core cortex-A53 ល្បឿន 1.4GHz ជាមួយរ៉េមទំហំ 4GB និងប្រើអង្គក្រាហ្វិក ARM Mali-T880 MP4។ ជាមួយអង្គគណនា 10 គ្រាប់, រ៉េមទំហំ 4GB និងអង្គក្រាហ្វិក Mali-T880 MP4 គឺវាធានាដល់ការប្រើប្រាស់ទូទៅបានយ៉ាងរលូនមិនថាការលេងហ្គេមដែលមានក្រាហ្វិកធំៗ ដំណើរការកម្មវិធីច្រើនក្នុងពេលដំណាលគ្នាឡើយ។ បន្ថែមពីនេះ Meizu MX6 នៅមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 32GB និងថ្ម Li-Ion ខ្នាត 3,060mAh ព្រមទាំងមានមុខងារសាកថ្មល្បឿនលឿនថែមទៀតផង។ ដោយឡែកសម្រាប់ប្រតិបត្តិការដែលដំណើរការលើទូរស័ព្ទស៊េរីថ្មីមួយនេះវិញគឺ Android ជំនាន់ Marshmallow កំនែប្រែ 6.0 និងស្រោបដោយអ៊ីនធើហ្វេស Flyme UI5.2។ ចំពោះរបៀបនៃការប្រើប្រាស់ទូទៅនៅលើ Meizu MX6 គឺមានលក្ខណះសាមញ្ញងាយស្រួលប្រើព្រមជាមួយមុខងារបំពាក់បន្ថែមថ្មីៗទំនើបៗយ៉ាងសម្បូរបែបសម្រាប់ប្រើប្រាស់កម្សាន្ត។
កាមេរ៉ាថតរូប និងវីដេអូ
Meizu MX6 បំពាក់នូវកាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែលដែលមានកម្រិតចាប់រូបភាព-វីដេអូ f/2.0 និងមុខ 5.0 មេហ្គាភិចសែល ប្រើប្រាស់កញ្ចក់ Lens និងបច្ចេកវិទ្យាចាប់រូបភាពរបស់ SONY ស៊េរី IMX386 ដែលមានសមត្ថភាពចាប់រូបភាពបានច្បាស់នៅទីដែលមានពន្លឺគ្រប់គ្រាន់ព្រមទាំងអាចថតវីដេអូបានកម្រិត 2K 2160px ក្នុងល្បឿន 30fps។ ប្រសិនបើលោកអ្នកមិនមែនជាអ្នកដែលនិយមប្រើប្រាស់របស់របរហ្វ្រែន ហ្វ្រែន នោះលោកអ្នកអាចសាកល្បងប្រើជាមួយទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីម៉ូដែល MX6 ដ៏ប្រណីត និងសមត្ថភាពប្រើការខ្លាំងរបស់ក្រុមហ៊ុន Meizu នេះម្តងមើលធានាថាពិតជាពេញចិត្តមិនខានឡើយ៕