no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្វែងយល់ពី Canon PowerShot G7X Mark III ដែលជាកាមេរ៉ាថតរូបជំនាន់ថ្មី មានសមត្ថភាពល្អបំផុតសម្រាប់ការប្រើប្រាស់

ប្រិយមិត្តដែលធ្លាប់បានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនថតរូបរបស់ក្រុមហ៊ុន Canon ពិតជាដឹងច្បាស់ហើយពីសមត្ថភាព និងគុណភាពផលិតរូបភាពរបស់ពួកវា។ ម៉ាស៊ីនកាមេរ៉ាថតរូបរបស់ក្រុមហ៊ុនអាមេរិកមួយនេះដែលកំពុងមានវត្តមានលើទីផ្សារមានដូចជាស្រឡាយកាមេរ៉ាពាក់កណ្តាលអាជីពប្រភេទ EOS Camera, កាមេរ៉ាខ្នាតកុនប្រភេទ EOS DSLR Camera និងស្រឡាយពេញនិយមមួយទៀតនៅគឺ Power-Shot Camera ឬហៅថា Digital Compact Camera ដែលជាកាមេរ៉ាខ្នាតតូចល្មមដែលជាគូប្រជែងជាមួយកាមេរ៉ា Cyber-Shot របស់ក្រុមហ៊ុន SONY ។

 

no-alternative title

នៅពេលនេះក្រុមការងារទស្សនាវដ្តីយើងខ្ញុំនឹងលើកយកស្រឡាយកាមេរ៉ា Power-Shot ជំនាន់ថ្មីស៊េរីឆ្នាំ 2019 មួយទៀតមកបង្ហាញជូនប្រិយមិត្តអ្នកអាននោះគឺ  Power-Shot G7X Mark III ដែលជាវិវត្តន៍ជំនាន់ឡើងពីម៉ូដែល G7X Mark II ដែលទទួលបានទីផ្សារល្អនាពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ដូចនេះសម្រាប់លក្ខណះសម្បត្តិ និងគុណសម្បត្តិដែលមានមកជាមួយកាមេរ៉ាជំនាន់ថ្មីមួយនេះក្រុមការងារយើងនឹងបង្ហាញជូនជាបន្តបន្ទាប់នៅក្នុងអត្ថបទខាងក្រោមនេះ។ 

ការរចនារូបរាងផ្នែកខាងក្រៅ

Canon Power-Shot G7X Mark III មានទំងន់សរុបរួមទាំងថ្ម និងម៉េមូរីកាតប្រមាណជា 304 ក្រាមជាមួយទំហំវិមាត្ររួមគឺ 105.0 x 60.9 x 41.4mm ដែលជាទំហំតូចជាង និងទំងន់ស្រាលជាងជំនាន់ G7X Mark II ប្រមាណជា 15ក្រាម ដូចនេះវាផ្តល់នូវភាពងាយស្រួលក្នុងការកាន់ថត និងយកទុកដាក់តាមខ្លួន។ ចំនែកសារធាតុដែលប្រើស្រោបតួរខ្លួនរបស់វាជាប្រភេទជ័រដែលមានសភាពគ្រើមៗស្រដៀងស្បែកដែលផ្តល់នូវភាពស្និតក្នុងការកាន់ថតដោយប្រើដៃម្ខាង និងរំលេចជាមួយជ័ររលោកបន្តិចនៅផ្នែកខាងលើក។ Power-Shot G7X Mark III មានពីរពណ៌គឺពណ៌ខ្មៅសុទ្ធ និងពណ៌ទឹកប្រាក់លាយខ្មៅ។ កាមេរ៉ាជំនាន់ថ្មីនេះមានអេក្រង់ទំហំ 3.0” ប្រភេទកញ្ចក់ TFT color liquid crystal ដែលបង្ហាញពណ៌ប្រភេទ sRGB បានច្បាស់ល្អជាមួយកម្រិតគ្រាប់ភិចសែល 1,040,000 dots និងអាចកាត់បត់ឡើងលើបាន 180 ដឺក្រេដែល Canon ហៅវាថា “Tilt-up TFT” ដូចនេះវាផ្តល់នូវភាពងាយស្រួលក្នុងការថតរូប និងវីដេអូសែលហ្វី។

បន្ថែមពីនេះវាក៏មានភ្លើង Flash ជំនួយពន្លឺនៅពេលថតប្លង់នៅទីងងឹតដែលបង្កប់ក្នុងតួរខាងលើផងដែរ ហើយវានឹងងើបចេញនៅពេលយើងថតដោយបើកភ្លើង Flash។ នៅផ្នែកខាងស្តាំងអេក្រង់ និងខាងលើផ្នែកខាងស្តាំដៃមានប៊ូតុងសម្រាប់កំនត់បញ្ជាមុខងារទូទៅដូចគ្នាទៅនឹងជំនាន់មុនរបស់វាដែរ ប៉ុន្តែចំនុចពិសេសមួយសម្រាប់ជំនាន់ថ្មីនេះគឺនៅផ្នែកខាងលើមានរន្ធម៉ិចស្រូបសំឡេងនៅពេលថតវីដេអូដែលជួយអោយការស្រូបសំលេងបានច្បាស់ដោយមិនចាំបាច់ត្រូវការដោតម៉ិចស្រូបសំឡេងជំនួយក៏បាន ដូចនេះវាល្អសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តផលិតវីដេអូ Vlogger ឬវីដេអបង្ហោះចូលក្នុងបណ្តាញកម្សាន្ត Youtube។  ប៉ុន្តែគួរអោយស្តាយដោយវានៅតែមិនមានកញ្ចក់ ViewFinder សម្រាប់អោយយើងធ្វើការកំនត់កម្រិតប្លង់ថតជាមុនបាននោះទេ។ 

 

មុខងារតំណភ្ជាប់សំខាន់ៗ

ចំពោះមុខងារក្នុងការតភ្ជាប់ទៅកាន់ឧបរកណ៍ផ្សេងៗទៀតគឺវាមានមិនខុសពីជំនាន់មុននោះទេដោយ Canon Power-Shot G7X Mark III អាចយើងធ្វើការតភ្ជាប់បានតាមរយះរន្ធដោត USB-Type-C សម្រាប់ភ្ជាប់ទៅកាន់ម៉ាស៊ីនកុំព្យូទ័រក្នុងការចម្លងរូបភាព-វីដេអូចេញដែលទ្រទ្រង់បានជាមួយ Windows និង MacOS, រន្ធ micro HDMI Type-D សម្រាប់ភ្ជាប់ជាមួយស្មាតធីវី ឬម៉ាស៊ីនបញ្ចាំងរូបភាព, ភ្ជាប់តាមរយះប្រព័ន្ធបច្ចេកវិទ្យាប្លូធូស និង Wi-Fi  ប្រភេទ IEEE802.11b/g/n កម្រិត 2.4GHz ជាដើម។ ជាមួយគ្នានេះដែរវាក៏មានរន្ធសម្រាប់ដោតម៉ាក្រូហ្វូនសម្រាប់ជំនួយស្រូបសំឡេងបន្ថែមនៅពេលថតវីដេអូផងដែរ។

ប្រភេទអង្គផ្ទុកទិន្នន័យ និងសមត្ថភាពថ្ម

ម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មីនេះប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SD, SDHC, SDXC និង UHS-I Memory Cardsស្ថិននៅផ្នែកខាងក្រោមកាមេរ៉ាក្បែរកន្លែងដាក់ថ្ម។ រីឯមានថ្មរបស់វាវិញជាប្រភេទថ្ម Li-ion Battery NB-13L ដែលមានសមត្ថភាពកាន់ប្រើក្នុងការការថតរូបភាពសន្លឹកបាន 235 ប៉ុស្តិ៍ដោយបើកពន្លឺអេក្រង់ជាប់ និង 320 ប៉ុស្តិ៍ដោយបើកមុខងារ Eco-mode ហើយសម្រាប់ការបើកមើលរូបភាព និងវីដេអូឡើងវិញ (playback time) គឺកាន់បានរយះពេលជិត 5 ម៉ោង រីឯការសាកពេញ 100 ភាគរយម្តងប្រើពេលប្រហែល 110 នាទី។

ប្រព័ន្ធអង្គដំណើរការ

ម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មីដែលមានទំហំតូចល្មមរបស់ Canon មួយនេះត្រូវបានក្រុមហ៊ុនដំឡើងមកជាមួយឈីបថ្នាក់ខ្ពស់គឺ DIGIC 8 Processor ដែលជាឈីបប្រើប្រាស់ជាមួយកាមេរ៉ាថ្នាក់ខ្ពស់ក្នុងស្រឡាយ EOS និង DSLR Camera។ ឈីបកាមេរ៉ាជំនាន់ទី 8 នេះវាមានសមត្ថភាពប្រើប្រាស់លឿនរហ័សក្នុងការដំណើរការការងារទូទៅរបស់ម៉ាស៊ីនកាមេរ៉ា មានល្បឿនក្នុងការគណនាប្លង់ថតបានរហ័ស ជួយសម្រួលដល់ការផលិតសាច់រូបភាព និងវីដេអូបានច្បាស់ ទ្រទ្រង់បានជាមួយនឹងមុខងារ និងបច្ចេកវិទ្យាកាមេរ៉ាថ្មីៗ ព្រមទាំងជួយកាត់បន្ថយការប្រើប្រាស់ថាមពលថ្មបានកាន់តែប្រសើរថែមទៀតផង។

សមត្ថភាពកាមេរ៉ាក្នុងការថតរូប និងវីដេអូ

ម៉ាស៊ីនកាមេរ៉ា Canon Power-Shot G7X Mark III បំពាក់នូវកែវលែនកាមេរ៉ាថ្មីខ្នាត 24-100mm ជាប្រភេទ Premium wide angle zoom lens ដែលអាចធ្វើការពង្រីកប្លង់ថតចូលបាន 4.2 ដងបែប Optical Zoom ដោយមិនធ្វើអោយខូចគុណភាពដើមនៃរូបភាពជាមួយល្បឿនចាប់រូបភាព (aperture) លឿនរហ័សដែលអាចឆ្លាស់ពីទំហំ f/1.8 ទៅ f/2.8 ដែលមានសមត្ថភាពចាប់រូបភាពបានក្នុងទំហំ 20.1MP ដោយប្រើប្រាស់សែនស័រទំហំ 1.0” ប្រភេទ Stacked CMOS Sensor និងមានកម្រិតពន្លឺស្វ័យប្រវត្តិ (ISO:125-12800) និងអាចបង្កើនឡើងដល់កម្រិត 25600 ដូចនេះវាមានសមត្ថភាពខ្ពស់ក្នុងការផលិតសាច់រូបភាពបានច្បាស់ម៉ដ្ឋល្អ និងជួយកាត់បន្ថយនូវគ្រាប់បែបអ៊ុចៗ (Noise) បានកាន់តែប្រសើរបំផុតនៅពេលចាប់ប្លង់នៅទីតាំងខ្សោយពន្លឺ ឬពេលយប់។ ចំពោះសមត្ថភាពក្នុងការថតវីដេអូវិញកាមេរ៉ាជំនាន់ថ្មីនេះអាចធ្វើបានដល់កម្រិត 4K ក្នុងល្បឿន 30fps និង FHD ក្នុងល្បឿន 120fps។

រីឯសមត្ថភាពក្នុងការថតរូបសន្លឹកបែប RAW Burst វិញគឺធ្វើបានចំនួន 30 ប៉ុស្តិ៍ក្នុងពេល 1 វិនាទី ហើយសម្រាប់ល្បឿន Shutter Speed បើថតដោយប្រើមុខងារ auto mode គឺមានល្បឿន 1-1/2000sec និងប្រើមុខងារ Tv, M, ឬ Manual Movie Modes គឺមានល្បឿន 30-1/25600 sec។ ជាមួយគ្នាដែលកែវលែនរបស់វាបានភ្ជាប់នូវមុខងារទប់លំនឹង Optical Image Stabilization  ដែលជាជំនួយដ៏ល្អបំផុតសម្រាប់ការកាន់ថតរូប និងថតវីដេអូកំឡុងពេលធ្វើការបំលាស់ទីដោយមិនចាំបាច់ប្រើជើង Tripod ជំនួយ។ ប៉ុន្តែប្រសិនបើយើងចង់អោយការថតវីដេអូកម្រិត 4K ចេញពីកាមេរ៉ា Power-Shot ជំនាន់ថ្មីនេះមានគុណភាពសាច់រូបច្បាស់ល្អគ្រប់វិនាទីនោះមិនញ័រមិនរលកសាច់វីដេអូនោះគឺអាចប្រើជើង Tripod ជំនួយបន្ថែមក៏បានដោយវាអាចធ្វើការតភ្ជាប់បានជាមួយជើងទម្រស៊េរី Canon Tripod Grip HG-100TBR។

មុខងារកាមេរ៉ាសម្រាប់កំនត់ក្នុងការថតរូប និងវីដេអូ

សម្រាប់មុខងារកំនត់ក្នុងការថតរូប និងវីដេអូវិញគឺមានច្រើនសម្បូរបែបតែម្តងដែលតម្រូវតាមការចង់បានរបស់អ្នកប្រើប្រាស់ដោយមុខងារទាំងនោះរួមមានដូចជា C, M, Av, Tv, P, Hybrid Auto, Auto, Self Portrait, Portrait, Panning, Star Portrait, Star Nightscape, Star Trails, Star Time-Lapse Movie, Handheld Night Scene, High Dynamic Range, Fish-eye Effect, Art Bold Effect, Water Painting Effect, Miniature Effect, Toy Camera Effect, Background Defocus, Soft Focus, Grainy B/W, Fireworks, Standard Movie, Short Clip, Manual Movie, Time-Lapse Movie, iFrame Movie, Auto, Standard, Portrait, Landscape, Fine Detail, Neutral, Faithful, Monochrome និង User Def. 1-3…ជាដើម ដូចនេះវាពិតជាបំពេញបានតាមតម្រូវការរបស់អ្នកជំនាញខាងផ្នែកថតរូបដែលពួកគេអាចធ្វើការកំនត់ប្លង់ថតទៅតាមមជ្ឈដ្ឋានជុំវិញខ្លួនរបស់ពួកគេទៅតាមអ្វីដែលពួកគេចង់បាន។

សរុបសេចក្តី

សង្ខេបជារួមមកវិញ… Canon Power-Shot G7X Mark III គឺជាម៉ាស៊ីនកាមេរ៉ាថតរូប និងវីដេអូជំនាន់ថ្មីដែលមានរូបរាងតូចច្រឡឹងគួរអោយចង់កាន់ប្រើ និងទំងន់ស្រាលល្មមផ្តល់នូវភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់ និងយកទុកដាក់តាមខ្លួន។ ជាងនេះទៅទៀតម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មីមួយនេះមានភ្ជាប់មកជាមួយនូវគុណសម្បត្តិ និងមុខងារប្រើប្រាស់យ៉ាងគាប់ប្រសើរបំផុតដែលតម្រូវបានតាមការប្រើប្រាស់ទាំងការថតរូប និងវីដេអូទុកជាអនុស្សាវរីយ៍។ វាមានសមត្ថភាពខ្ពស់ក្នុងការថតរូប និងវីដេអូបានច្បាស់ដោយប្រើប្រាស់កែវលែនជំនាន់ថ្មីជាមួយសែនស័រចាប់រូបភាពដែលភ្ជាប់នូវកម្រិត aperture ខ្ពស់ ពី F/1.7 ទៅ F/2.8 នៅលើកែវលែនជំនាន់ថ្មី និងការចាប់ប្លង់រូបភាពបានរហ័សជាមួយឈីបជំនាន់ទី 8- DIGIC 8 Processor។ ដូចនេះប្រសិនបើលោកអ្នកកំពុងស្វែងរកកាមេរ៉ាថតរូបស៊េរីថ្មីដែលមានរូបរាងតូចច្រឡឹងគួរអោយស្រឡាញ់ និងភ្ជាប់មកនូវលក្ខណះសម្បត្តិគ្រប់គ្រាន់ដែលអាចបំពេញបានតាមការចង់ របស់លោកអ្នក…នោះ Canon Power-Shot G7X Mark III ធានាថាល្អបំផុត និងមិនធ្វើអោយលោកអ្នកខកចិត្តក្នុងការចាយលុយទៅលើវានោះទេ៕

 

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម