នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺមានការយល់ច្រឡំមួយចំនួននៅក្នុងពាក្យចចាមអារ៉ាមជាច្រើន ដែលទាក់ទងនឹងអ្វីដែលស្មាតហ្វូន Nokia 8 ត្រូវបានគេហៅឈ្មោះថាស្មាតហ្វូន Nokia 9 ឥឡូវនេះ យើងពិតជាដឹងច្បាស់ហើយ ក្រោយពេលដែលស្មាតហ្វូន Nokia 8 បានបង្ហាញវត្តមានជាផ្លូវការនោះ។ នៅក្នុងអំឡុងពេលនៃការបើកសម្ពោធស្មាតហ្វូនស៊េរីថ្មីនេះ អ្នកតំណាងរបស់ក្រុមហ៊ុន HMD Global បានបង្ហើបថាស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានអេក្រង់ធំជាងស្មាតហ្វូន Nokia 8។
អ្នកតំណាងក្រុមហ៊ុន Nokia បានបញ្ជាក់ថា ការអភិវឌ្ឍន៍ទំហំអេក្រង់នេះ គឺដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងពេលបច្ចុប្បន្ននេះ។ ឥឡូវនេះ យើងកំពុងតែនិយាយអំពីស្មាតហ្វូនថ្នាក់ខ្ពស់ ដោយសារតែក្រុមហ៊ុន HMD Global ចាប់ផ្តើមងាកទៅផលិតស្មាតហ្វូនអេក្រង់ធំចាប់ពីស្មាតហ្វូន Nokia 6 មក។ ស្មាតហ្វូនស៊េរីថ្មីដែលមិនទាន់ប្រកាសបង្ហាញខ្លួននោះគឺស្មាតហ្វូន Nokia 9 ហើយរូបភាពជាច្រើនក៏បន្តបែកធ្លាយអំពីស្មាតហ្វូននេះផងដែរ។ ដូចដែលអ្នកអាចមើលឃើញ ស្មាតហ្វូននេះនឹងមានស៊ុមព័ទ្ធអេក្រង់ស្តើង ហើយប្រព័ន្ធស្កែនក្រយ៉ៅដៃរបស់ស្មាតហ្វូនស៊េរីថ្មីនេះប្រហែលជាផ្លាស់ប្តូរទៅដាក់នៅផ្នែកខាងក្រោយវិញ។
ស្មាតហ្វូន Nokia 9 ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់បន្ទះឈីប Snapdragon 835 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB ឬ 8GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ប្រព័ន្ធស្កែនប្រស្រីភ្នែក Iris Scanner និងវិញ្ញាបនប័ត្រ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលី។ ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះគឺមានការរចនាដូចគ្នាទៅនឹងស្មាតហ្វូន Nokia 8 ។ គួរបញ្ជាក់ផងដែរថា តម្លៃរបស់ស្មាតហ្វូន Nokia 8 គឺ 599 អឺរ៉ូ ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូន Nokia 9 គឺ 949 អឺរ៉ូ៕