កាលពីព្រឹកមិញនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសនូវទូរស័ព្ទស៊េរីថ្មីរបស់ពួកគេគឺ Huawei Mate 9 និង Huawei Mate 9 Pro ។ ទូរស័ព្ទទាំងពីរស៊េរីនេះជាគោលដៅរបស់ក្រុមហ៊ុន Huawei ក្នុងការផលិតនូវទូរស័ព្ទដែលមានអេក្រង់ធំនៅក្នុងពីរស៊េរីម៉ូដែលផ្សេងគ្នា។ ទូរស័ព្ទទាំងពីរស៊េរីនេះបានបង្ហាញខ្លួននៅក្នុងពេលវេលាដ៏សក្តិសមបំផុតនៅពេលដែលដែលក្រុមហ៊ុន Samsung ប្រកាសឈប់ផលិត និងលក់នូវហ្វាប់ប្លេត Galaxy Note 7 នៅទូទាំងពិភពលោក ហើយវាមានតែការប្រកួតប្រជែងជាមួយនឹងទូរស័ព្ទ iPhone 7 Plus ដែលទើបតែប្រកាសតែប៉ុណ្ណោះ។
ទូរស័ព្ទ Huawei Mate 9 បំពាក់នូវអេក្រង់ទំហំ 5.9 អ៊ីងកម្រិតភាពច្បាស់ Full-HD ប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយ និងដំណើរការជាមួយនឹងឈីប Kirin 960 នៅខាងក្នុងថែមទៀត។ ទូរស័ព្ទនេះប្រើប្រាស់នូវ USB-C រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយថែមទៀត។ អ្វីដែលសំខាន់បំផុតអំពីទូរស័ព្ទមួយនេះគឺពេលវេលាមួយដែលទូរស័ព្ទនេះនឹងវាយលុកចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិចនៅពេលមួយឆាប់ៗខាងមុខនេះ។
សម្រាប់ម៉ូដែលស៊េរីមួយទៀតមានអេក្រង់ប្រភេទ 2K ដែលមានរូបរាងស្រដៀងទៅនឹងទូរស័ព្ទ Samsung Galaxy Note / Edge ដែលមានអេក្រង់កោងនៅគែមសងខាងរបស់វា។ ម៉ូដែលស៊េរីពិសេសនេះមាននស្លាកសញ្ញាយីហោរបស់ Porsche ដែលត្រូវបានដាក់ឈ្មោះថា Porsche Design Mate 9 ។ ប្រសិនបើអ្នកស្វែងរកទូរស័ព្ទនេះនៅលើទីផ្សារនោះអ្នកពិតជាដឹងថាវាមានរូបរាងពិតជាដូចទៅនឹងទូរស័ព្ទ Note 7 ខ្លាំងមែនទែនគ្រាន់តែវាមិនមានប៊ិក Stylus នោះទេ តែបើមានម៉ាកយីហោ Porsche នេះហើយវារឹតតែអស្ចារ្យទៀត។ ទូរស័ព្ទពិសេសដ៏ប្រណិតមួយនេះមានតម្លៃប្រហែល 1395 អ៊ឺរ៉ូ (1549 ដុល្លារ)។
ចំនែកស៊េរីម៉ូដែល Mate 9 ធម្មតាមានតម្លៃត្រឹមតែ 776 ដុល្លារហើយវានឹងធ្វើការប្រកាសបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារតំបន់អាស៊ីមួយចំនួន និងទីផ្សារអ៊ឺរ៉ុបផងដែរ។ ការប្រកាសបង្ហាញខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិចមុនគេតែមិនទាន់ដឹងថានឹងប្រកាសនៅពេលណានោះទេ៕