ពេលនេះ ក្រុមហ៊ុន Samsung កំពុងតែដំណើរការខិតខំប្រឹងប្រែងក្នុងការបង្កើតនូវជំនួយការឆ្លាតវៃ (Virtual Assistant) សម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ Galaxy S8 ស៊េរីថ្មីរបស់ខ្លួន ហើយជំនួយការឆ្លាតវៃនេះ មានឈ្មោះថា Bixby ។ ព័ត៌មាននេះ មិនមែនជាដំណឹងអ្វីថ្មីនោះទេ ព្រោះពាក្យចចាមអារ៉ាមជាច្រើនបាននិយាយអំពីរឿងនេះតាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ។ ប៉ុន្តែពេលនេះ វាបានបង្ហាញខ្លួននៅក្នុងបញ្ជីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung ដែលផ្តល់នូវភាពជឿជាក់ខ្លាំងជាងមុន។ ជំនួយការឆ្លាតវៃ Bixby នឹងដាក់ឱ្យប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Samsung រួមជាមួយនឹងប្រព័ន្ធ Samsung Pay Mini ផងដែរ។
ប្រព័ន្ធទូទាត់ចល័តរបស់ក្រុមហ៊ុន Samsung ថ្មីនេះនឹងមានលក្ខណៈកាន់តែងាយស្រួល និងទំងន់ស្រាលម៉ាស៊ីនថែមទៀតផង គ្រាន់តែវាអាចប្រើប្រាស់សម្រាប់តែការទូទាត់ប្រាក់នៅលើអនឡាញតែប៉ុណ្ណោះ ខណៈពេលដែលប្រព័ន្ធ Samsung Pay អាចធ្វើការផ្ទេរប្រតិបត្តិការប្រាក់បានពេញលេញនៅលើហាងទំនិញជាច្រើន។សម្រាប់ពេលនេះ ព័ត៌មានទាំងអស់នេះគឺជាអ្វីដែលយើងបានដឹងអំពីទូរស័ព្ទស៊េរីថ្មី Samsung Galaxy S8 ។ យើងរំពឹងថា ទូរស័ព្ទ Samsung Galaxy S8 ស៊េរីថ្មីនេះពិតជានឹងបង្ហាញខ្លួននៅក្នុងខែមេសាជាក់ជាមិនខាន។ ពាក្យចចាមអារ៉ាមបានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញទូរស័ព្ទស៊េរីថ្មីនេះជាផ្លូវការនៅថ្ងៃទី 18 ខែមេសាជំនួសឱ្យផែនការគម្រោងរបស់ខ្លួនសម្រាប់ខែកុម្ភៈនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC ៕