នៅក្នុងឆ្នាំ 2018 នេះទីផ្សារម៉ាស៊ីនកុំព្យូទ័រហ្គេមីង (Gaming Laptop) បានហក់ឡើងខ្លាំងគួរអោយកត់សំគាល់ ហើយក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃល្បីៗបានផលិត និងប្រកាសចេញម៉ាស៊ីនកុំព្យូទ័រយួរដៃប្រភេទនេះថ្មីៗជាបន្តបន្ទាប់
ប្រជែងដណ្តើមទីផ្សារពីអ្នកប្រើប្រាស់ដែលម៉ាស៊ីនទាំងនោះសុទ្ធតែមានសមត្ថភាពប្រើការខ្លាំងកំពូល បំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយបំផុត និងមានការរចនារូបរាងដ៏អស្ចារ្យបំផុតជាមួយតម្លៃដ៏មិនធម្មតា។ ដូច្នោះខាងក្រោមនេះគឺជាកំពូលកុំព្យូទ័រយួរដៃប្រភេទ Gaming Laptop ដែលមានលក្ខណះសម្បត្តិ និងគុណសម្បត្តិខ្លាំងកំពូលដាច់គេទាំង 10 ប្រចាំឆ្នាំ 2018។
1- MSI GS65 Stealth
ទីផ្សារកុំព្យូទ័រយួរដៃក្រុមហ៊ុន MIS ដែលមាននិមិត្តសញ្ញារូបរាគរាជគឺកំពុងមានទីផ្សារល្អខ្លាំងក្នុងពេលបច្ចុប្បន្នពិសេសម៉ាស៊ីនដែលពេញនិយមសម្រាប់ប្រើប្រាស់បំផុតនោះជាប្រភេទ Gaming Laptop តែម្តង។ ស្រឡាញហ្គេមីងកុំព្យូទ័ររបស់ MSI មានច្រើនម៉ាកប៉ុន្តែម៉ាស៊ីនដែលមានសមត្ថភាពខ្លាំងដាច់គេប្រចាំឆ្នាំ 2018 នេះគឺ MSI GS65 Stealth។ ម៉ាស៊ីនមួយនេះវាត្រូវបានក្រុមហ៊ុន MIS ធ្វើការរចនាឡើងយ៉ាងប្រណិតជាមួយតួរខ្លួនស្រោបដោយសារធាតុលោហៈជាមួយក្តារចុចរំលេចដោយភ្លើង LED ប្រដេញចម្រុះពណ៌ និងមានអេក្រង់ធំទំហំ 15.6 អ៊ីងកម្រិត 144Hz ជាមួយគែមអេក្រង់កាត់ស្តើងដែលធ្វើអោយផ្ទៃអេក្រង់របស់វាមើលឃើញបានលាតទូលាយល្អ។ កំលាំងម៉ាស៊ីនរបស់ MSI GS65 Stealth អូសដោយអង្គគណនា (CPU) Intel-Corei7-8750H Quad-Core មាន 9MB Cache រត់ក្នុងល្បឿន 3.9GHz និងអាច boost បានដល់ 4.2GHz។ ល្បឿនរបស់វាទ្រទ្រង់ដោយ RAM ប្រភេទ DDR4-2400Hz ទំហំ 16GB ជាមួយអង្គក្រាហ្វិច(GPU) Nvidia GeForce GTX 1070-8GB GDDR5, Max-Q។ GS65 Stealth ប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ M.2 SSD មានទំហំ 512GB និងទ្រទ្រង់ប្រតិបត្តិការ Microsoft Windows 10 Home/Pro។ MSI GS65 Stealth មានតម្លៃប្រហែល $1,699 អាមេរិក។
2- Asus ROG Zephyrus GX501
ROG ឬ Republic Of Games ដែលមាននិមិត្តសញ្ញាសំគាល់រូបភ្នែកគឺជានិមិត្តសញ្ញាម៉ាស៊ីនកុំព្យូទ័រហ្គេមីងដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុន Asus។ ម៉ាស៊ីនកុំព្យូទ័រម៉ាកនេះទទួលបានការគំាទ្រខ្លាំងពី Gamers ក៏ដោយសារតែការរចនារូបរាងដ៏រឹងមាំ និងសមត្ថភាពម៉ាស៊ីនដ៏ខ្លាំងក្លារបស់វាដែលមានលទ្ធភាពអូសជាមួយហ្គេមម៉ាស៊ីនល្បីៗបានយ៉ាងរលូនបំផុត។ Asus ROG Zephyrus GX501 គឺជាម៉ូដែលជំនាន់ថ្មីមួយក្នុងស្រឡាយ ROG របស់វា ហើយវាក៏ចាត់ចូលក្នុងម៉ាស៊ីនកុំព្យូទ័រ Gaming ដ៏ល្អបំផុតប្រចាំឆ្នាំ 2018 នេះផងដែរ។ ម៉ាស៊ីនជំនាន់ថ្មីនេះមានការរចនារូបរាងយ៉ាងប្រណិតបំផុតជាមួយកញ្ចក់អេក្រង់ទំហំ 15.6 អ៊ីងប្រភេទ anti-glare, wide-view panel ជាមួយបច្ចេកវិទ្យា G-Sync កម្រិតល្បឿន 120Hz និងបំពាក់ក្តារចុចប្រភេទ Full-Key board ដែលរំលេចដោយភ្លើង LED ចម្រុះពណ៌យ៉ាងស្រស់ស្អាត។ កំលាំងរបស់វាអូសដោយ Intel Core i7-7700HQ quad-core, 6MB cache ល្បឿន 2.8GHz និងអាច boost បង្កើនល្បឿនដល់ 3.8GHz ជាមួយអង្គក្រាហ្វិច (GPU) Nvidia GeForce GTX 1080 8GB GDDR5X VRAM ឬ Intel HD Graphics 630 និងមានអង្គគណនាបណ្ណោះអាសន្នទំហំ 16GB ប្រភេទ DDR4-2400MHz និងអាចបង្កើនទំហំដល់ 32GB។ ម៉ាស៊ីននេះប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ M.2 PCIe ទំហំ 512 GB ចំនួន 4 គ្រាប់, ទ្រទ្រង់ដោយ Microsoft Windows 10 Home/Pro និងមានទំងន់សរុប 2.2 គីឡូក្រាមជាមួយកម្រិតសរុប 1.79cm។ Asus ROG Zephyrus GX501 មានតម្លៃប្រហែលខ្ទង់ $1949 អាមេរិក។
3- Asus ROG G703GI
ROG មួយនេះក៏មិនធម្មតាដែរវាមានរូបរាងសាមញ្ញតែមើលទៅមានភាពរឹងមាំធន់ និងពោរពេញដោយអំនាច។ ម៉ាស៊ីនកុំព្យូទ័រមួយនេះមានទំងន់ធ្ងន់គ្រាន់បើដែររហូតដល់ទៅ 4.7 គីឡូក្រាម និងមានកម្រាស់រុប 51 មីលីម៉ែត្រ។ កំលាំងម៉ាស៊ីនរបស់ ROG G703GI អូសដោយ Intel Core i9-8950HK hex-core, 12MB cache ល្បឿន 2.9GHz និងអាច boost បង្កើនល្បឿនដល់ 4.8GHz ទ្រទ្រង់ដោយរ៉េមទំហំដល់ទៅ 64GB ប្រភេទ DDR4-2666MHz និងប្រើអង្គក្រាហ្វិចកាតស៊េរី Nvidia GeForce GTX 1080-8GB GDDR5X។ Gaming Laptop ដ៏មហិមាមួយនេះបំពាក់អេក្រង់ធំទូលាយទំហំ 17.3 អ៊ីងកម្រិងបង្ហាញ Full-HD ជាមួយកម្រិតល្បឿន 144Hz វាប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD M.2 ទំហំ 512GB ចំនួន 3 គ្រាប់ និង HDD SATA-RAID0 ទំហំ 1TB។ Asus ROG G703GI មានតម្លៃថ្លៃមិនធម្មតាគឺប្រហែលខ្ទង់ជិត $4,000 អាមេរិក ប៉ុន្តែវានូវមានម៉ូដែលប្រើអង្គគណនា Intel Core i7-8750H ដែលតម្លៃប្រហែលខ្ទង់ 3,149 អាមេរិកផងដែរ។
4- Razer Blade 15
ថ្មីៗនេះក្រុមហ៊ុន Razer បានបញ្ចេញស្រឡាយម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងជំនាន់ថ្មីចុងក្រោយបំផុតក្នុងស្រឡាយ Blade គឺ Blade 15 Series។ ស្រឡាយថ្មីនេះបានក្លាយជាម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងអេក្រង់ទំហំ 15.0 អ៊ីងដែលមានរូបរាងតូចស្លីមជាងគេក្នុងលោក។ Blade 15 មានរូបរាង និងការរចនាខាងក្រៅមានប្រណីតបំផុតជាមួយបន្ទះអេក្រង់ធំទំហំ 15.6 អ៊ីងប្រភេទអេក្រង់ Matte Display កម្រិត 144Hz និងទ្រទ្រង់ការបង្ហាញចេញកម្រិត Full-HD និងក្តារចុចរំចេញដោយភ្លើង LED ចម្រុះដ៏ស្រស់ស្អាត។ វាមានកម្រាស់ត្រឹមតែ 1.73mm ជាមួយទំងន់សរុប 2.1 គីឡូក្រាម។ ម៉ាស៊ីនជំនាន់ថ្មីមួយនេះអូសដោយ Intel Core i7-8750H hexa-core-CPU ល្បឿន 2.2GHz និងអាចបង្កើនល្បឿនដល់ 4.1GHz ដោយប្រើបច្ចេកវិទ្យា Turbo boost។ ល្បឿនម៉ាស៊ីនរបស់វាទ្រទ្រង់ដោយរ៉េមទំហំ 16GB ប្រភេទ DDR4 Dual Channel-2667MHz និងប្រើក្រាហ្វិចកាត Nvidia GeForce GTX 1070-8GB GDDR5 VRAM; Max-Q ឬ Intel UHD 630។ ហើយសម្រាប់អង្គផ្ទុកទិន្នន័យវិញគឺប្រើពពួក M.2 SSD-NVMe PCIe 3.0 ទំហំ 512GB ចំនួន 4 គ្រាប់ និងទ្រទ្រង់ជាមួយ Microsoft Windows 10 Home/Pro-64bit។ Razer Blade 15 មានតម្លៃប្រហែលខ្ទង់ $2,000 អាមេរិក។
5- Dell XSP15 2-in-1
រូបរាងខាងក្រៅរបស់ម៉ាស៊ីនកុំព្យូទ័រហ្គេមីង Dell XPS15 ពិតជាធ្វើអោយអ្នកប្រើប្រាស់មិនថាតែ Gamers នោះទេអ្នកដែលប្រើប្រាស់ធម្មតាក៏បាក់ចិត្តលើវាដែរ។ វាមានការរចនារូបរាងស្រស់ស្អាតប្រកបដោយភាពប្រណិតជាមួយអេក្រង់ធំទូលាយទំហំ 15.6 អ៊ីងដែលមានគែមអេក្រង់តូចស្តើងបំផុតប្រភេទអេក្រង់ Infinity Edge anti-reflective touch display និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត 4K Ultra HD (3840 x 2160px)។ ហើយក្នុងតួរខ្លួនដ៏ប្រណិតរបស់វាត្រូវបានផ្សំឡើងដោយគ្រឿងបន្លាស់ខ្លាំងៗមិនធម្មតាដូចជាអង្គគណនា Intel-Core i7-8705G quad-core, 8MB cache, រ៉េមប្រភេទ DDR4-2400MHz ទំហំ 16GB, អង្គក្រាហ្វិចកាត Radeon RX Vega M GL graphics ជាមួយ Intel HD Graphics 630, អង្គផ្ទុកទិន្នន័យប្រភេទ PCIe SSD ទំហំ 512GB រួមនឹងចំនុចខពិសេសៗដ៏សម្បូរបែបជាច្រើនទៀតបំពេញបានតាមតម្រូវការប្រើប្រាស់។ Dell XSP15 2-in-1 មានតម្លៃប្រហែលខ្ទង់ $ 1,499 អាមេរិក។
6- Asus ROG Strix GL502
សម្រាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងមួយនេះអាចនឹងមិនធ្វើអោយអ្នកប្រើប្រាស់បេតីខ្លាំងទៅលើរូបរាង និងការរចនាផ្នែកខាងក្រៅរបស់វាឡើង ប៉ុន្តែចំនុចដែលធ្វើអោយអ្នកប្រើប្រាស់បេតីអាចដកចិត្តមិនរួចគឺគ្រឿងផ្សំខាងក្នុងខ្លួនដ៏សាមញ្ញរបស់វាឯណេះវិញ។ វាមានទំងន់សរុប 2.22 គីឡូក្រាមជាមួយកម្រាស់ 2.34cm។ ROG Strix GL502 បំពាក់នូវអេក្រង់ទំហំ 15.6 អ៊ីងកម្រិត Full-HD ជាមួយគែមស៊ុមជុំវិញមានកម្រាស់ក្រាស់បន្តិច។ ម៉ាស៊ីនហ្គេមីងមួយនេះអូសល្បឿនដោយ Intel Core i7-6700HQ quad-core, 6MB cache កំលាំង 2.6GHz និងអាចបង្កើនល្បឿនឡើងដល់ 3.5GHz ដោយប្រើបច្ចេកវិទ្យា Turbo boost។ បន្ថែមពីនេះវានៅមានភ្ជាប់ដោយរ៉េមទំហំ 16 GB ប្រភេទ DDR4-2133MHz, អង្គក្រាហ្វិច Nvidia GeForce GTX 1070-8GB GDDR5 RAM ឬ Intel HD Graphics 530 និងប្រើអង្គផ្ទុកទិន្នន័យប្រភេទ NVMe PCIe SSD ទំហំ 256GB និង SATA-7200rpm ទំហំ 1TB។ Asus ROG Strix GL502 មានតម្លៃប្រហែលខ្ទង់ $1,599 អាមេរិក។
7- Acer Predator Helios 300
ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេម Acer Predator Helios 300 មួយនេះលោកអ្នកនឹងទទួលបានភាពសប្បាយរីករាយក្នុងការលេងហ្គេមកម្សាន្តនៅលើអេក្រង់ដ៏ស្រឡះរបស់វាទំហំ 15.6 អ៊ីងប្រភេទអេក្រង់ Full-HD ComfyView IPS កម្រិត 144Hz ដែលមានគែមអេក្រង់តូចស្តើងបំផុត។ ម៉ាស៊ីនកុំព្យូទ័រហ្គេមីងមួយនេះមានល្បឿនប្រតិបត្តិការអូសដោយ Intel Core i7-8750H hexa-core, 9MB cache ល្បឿន 2.2GHz និងអាច boost បង្កើនល្បឿនឡើងដល់ 4.1GHz។ Predator Helios 300 ប្រើប្រាស់រ៉េមប្រភេទ DDR4-2666MHz ទំហំ 16GB, អង្គក្រាហ្វិចពពួក Intel UHD Graphics 630 ឬ Nvidia GeForce GTX 1060-6GB GDDR5, អង្គផ្ទុកទិន្នន័យប្រភេទ PCIe SSD ទំហំ 256GB+HDD SATA ទំហំ 1TB និងដំណើរការដោយ Microsoft Windows 10 Home/ Pro-64bit។ Acer Predator Helios 300 មានទំងន់សរុប 2.7 គីឡូក្រាម និងកម្រាស់តួរ 2.8cm។ Acer Predator Helios 300 មានតម្លៃប្រហែលខ្ទង់ $1,149 អាមេរិក។
8- Gigabyte Aero 15
ម៉ាស៊ីនកុំព្យូទ័រហ្គេមីងរបស់ Gigabyte មួយនេះក៏មានសមត្ថភាពប្រើការខ្លាំងមិនធម្មតានោះដែរ។ ជាមួយការរចនារូបរាងបែបប្លែកទាក់ភ្នែកជាមួយអេក្រង់ទំហំ15.6 អ៊ីងប្រភេទអេក្រង់ Full-HD IPS LED ជាមួយកម្រិតល្បឿន 144Hz ជាមួយបច្ចេកវិទ្យា G-Sync Adobe RGB 100%។ Gigabyte Aero 15 បំពាក់កំលាំងម៉ាស៊ីន Intel Core i7-8750H hecta-core មានល្បឿន 2.2GHz និងអាច boost ឡើងដល់ 4.1GHz ជាមួយកំលាំងរ៉េមប្រភេទ DDR4-2666MHz និងប្រើអង្គក្រាហ្វិច Nvidia GeForce GXT 1060-6GB GDDR5 RAM។ ម៉ាស៊ីនកុំព្យូទ័រយួរដៃមួយនេះប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ Crucial SATA 3 SSD ឬ PCIe NVMe Gen 3x4 SSD ទំហំ 512GB និងទ្រទ្រង់ដំណើរការដោយ Microsoft Windows 10 Pro-64bit។ ម៉ាស៊ីនមួយនេះមានទំងន់សរុប 2 គីឡូក្រាម និងកម្រាស់ 1.8 cm។ Gigabyte Aero 15 មានតម្លៃប្រហែលខ្ទង់ US-$2,000។
9- Alienware 17R5
ក្រៅតែពីមានការរចនារូបរាងខាងក្រៅដ៏រឹងមំា និងបំពាក់ដោយកញ្ចក់អេក្រង់ធំទូលាយទំហំ 17.3 អ៊ីងដែលមានកម្រិត refresh rate 120Hz ទៅ Alienware 17R5 ត្រូវបានបំពាក់មកជាមួយគ្រឿងបន្សំខាងក្នុងខ្លាំងៗសម្រាប់ប្រើការផងដែរ។ ម៉ាស៊ីនកុំព្យូទ័រពាក់ស្លាកក្បាលមនុស្សក្រៅភពមួយនេះមានកំលាំងអូសដោយ Intel Core i9-8950HK hexa-core, 12MB cache មានល្បឿន 2.9GHz និងបង្កើន boost ឡើងដល់ 4.8GHz ទ្រទ្រង់ល្បឿនប្រតិបត្តិការដោយរ៉េមទំហំ 32GB ប្រភេទ DDR4-2666MHz, ប្រើអង្គក្រាហ្វិចកាតស៊េរី Nvidia GeForce GTX 1080 OC-8GB GDDR5X និងប្រតិបត្តិការដោយ Microsoft Windows 10 Home/Pro 64bit។ សម្រាប់អង្គផ្ទុកទិន្នន័យវិញគឺប្រើពពួក PCIe SSD ទំហំ 512GB+ HDD SATA-7200rpm ទំហំ 1TB។ Alienware 17R5 មានទំងន់សរុប 4.42 គីឡូក្រាមជាមួយកម្រាស់ 2.99cm។ សម្រាប់តម្លៃរបស់វាវិញគឺប្រហែលខ្ទង់ $1839 អាមេរិក។
10- Alienware 13R3
សម្រាប់ម៉ាស៊ីនកុំព្យូទ័រហ្គេមីងម៉ាក Alienware ចុងក្រោយមួយនេះវិញវាគឺជាម៉ាស៊ីនហ្គេមីងដំបូងគេដែលប្រើប្រាស់បន្ទះអេក្រង់ប្រភេទ Anti-glare OLED Touch Display។ អេក្រង់ OLED ដែលបំពាក់នៅលើ Alienware 13R3 នេះមានទំហំ 13.3 អ៊ីងទ្រទ្រង់ការបង្ហាញចេញកម្រិត UHD (2,560 x 1,440px)។ នៅក្នុងតួរខ្លួនរបស់វាបំពាក់នៅគ្រឿងបន្លាស់ខ្លាំងៗដូចជាអង្គគណនា Intel Core i7-6700HQ quad-core, 6MB Cache ល្បឿន 2.6GHz និងអាច boost ឡើងដល់ 3.5GHz ជាមួយបច្ចេកវិទ្យា Turbo boost។ កំលាំងម៉ាស៊ីនរបស់វាទ្រទ្រង់ល្បឿនដោយរ៉េមទំហំ 16GB ប្រភេទ DDR4-2400MHz និងប្រើអង្គក្រាហ្វិចកាតស៊េរី Nvidia GeForce GTX 1060 with 6GB GDDR5 ឬ Intel HD graphics 530។ ម៉ាស៊ីនកុំព្យូទ័រ Alienware មួយនេះប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ PCIe SSD ទំហំ 512GB និង HDD SATA ទំហំ 1TB បន្ថែមទៀត។ សម្រាប់ទំងន់របស់វាវិញគឺ 2.6 គីឡូក្រាម និងកម្រាស់សរុប 0.22cm។ Alienware 13R3 មានតម្លៃប្រហែលខ្ទង់ $1,399 អាមេរិក៕