បន្ទាប់ពីការបង្ហាញខ្លួនជាផ្លូវការកាលពីខែមុននេះ នៅក្នុងព្រឹត្តិការណ៍ CES 2018 នោះ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Pro នៅមិនទាន់អាចដាក់លក់តាមរយៈក្រុមហ៊ុនចែកចាយណាមួយនៅក្នុងសហរដ្ឋអាមេរិកបាននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការបញ្ចេញនូវស្មាតហ្វូននេះ ជាមួយនឹងការធានារយៈពេលមួយឆ្នាំ ដោយមានការកម្មង់មុន ចាប់ផ្តើមពីថ្ងៃទី 4 ខែកុម្ភៈនេះតទៅ។អតិថិជន អាចធ្វើការកម្មង់ទិញស្មាតហ្វូន Huawei Mate 10 Pro តាមរយៈក្រុមហ៊ុន Amazon, Best Buy, B&H និង Newegg ហើយស្មាតហ្វូននេះនឹងទៅដល់ដៃរបស់អ្នកប្រើប្រាស់នៅថ្ងៃទី 18 ខែកុម្ភៈនេះ។
សម្រាប់ស្មាតហ្វូននេះ ដាក់លក់នៅក្នុងតម្លៃ $799.99 ដោយមានការបន្ថែមជូននូវកាដូដែលមានតម្លៃដល់ទៅ $150 ថែមទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុន Huawei បាននិយាយថា ស្មាតហ្វូន Mate 10 Pro នឹងត្រូវដាក់លក់តាមរយៈក្រុមហ៊ុន Microsoft ផងដែរ ប៉ុន្តែនៅមិនទាន់ច្បាស់ថា ការដាក់លក់អនឡាញ ឬនៅលើ Microsoft Stores នៅក្នុងសហរដ្ឋអាមេរិកនោះឬអត់ទេ។
ស្មាតហ្វូន Mate 10 Pro ដំណើរការជាមួយនឹងក្រុមហ៊ុន GSM/LTE ដូចជា AT&T, T-Mobile, Cricket Wireless, MetroPCS និងជាច្រើនទៀត។ ប៉ុន្តែនៅមិនអាចប្រើប្រាស់បានជាមួយនឹងក្រុមហ៊ុន Verizon, Sprint, និង US Cellular នោះទេ។ ស្មាតហ្វូននេះ គឺដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8 Oreo និងមាបបច្ចេកវិទ្យាការពារការជ្រាបទឹក និងលក្ខណៈសម្បត្តិខ្លាំងក្លាជាច្រើនទៀត។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1080x2160 ភិចសែល កម្រិត 18:9 aspect ratio បន្ទះឈីប octa-core Kirin 970 processor រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ Leica និងថាមពលថ្ម 4000mAh ជាមួយនឹងបច្ចេកវិទ្យា Fast Charging ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Amazon បានអនុញ្ញាតឱ្យអតិថិជន Pre Oder ស្មាតហ្វូនស៊េរីថ្មីម៉ូដែល Huawei Mate 10 Porsche Design ដែលមានម៉េមូរីទំហំ 256GB នឹងមានតម្លៃថ្លៃជាង iPhone X ផងដែរ។