ដើម្បីទាក់ទាញទីផ្សារប្រទេសចិនសារឡើងវិញ ក្រុមហ៊ុន Samsung បានដាក់ប៉ាតង់នូវការរចនានូវស្មាតហ្វូនស៊េរីថ្មីដែលមាន Notch ស្រដៀងគ្នាទៅនឹង iPhone X អញ្ចឹងដែរ កោលដៅដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រិយមិត្តរបស់មហាយក្សអាស៊ីមួយនេះ។ សម្រាប់ការរចនាម៉ូដថ្មីនេះ ត្រូវបានគេមើលឃើញថា គឺមានការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនស៊េរីដែលកំពុងតែមានវត្តមាននៅលើទីផ្សារចិនរួចហើយ។ ប៉ាតង់នេះ ត្រូវបានស្នើរចុះនៅក្នុងការិយាល័យ SIPO patent office របស់ចិនកាលពីខែមុននេះ។
កាលពីម្សិលមិញនេះ មានការបង្ហាញប៉ាតង់ថ្មីនេះ នៅលើវេបសាយរបស់ហូឡង់ Mobielkopen។ យើងធ្លាប់បានឃើញនូវរូបរាងរបស់ស្មាតហ្វូន Galaxy ស៊េរីថ្មីចុងក្រោយបំផុត ប៉ុន្តែសម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានការរចនារូបរាងផ្សេងនៅលើប្រព័ន្ធកាមេរ៉ា និងការប្រើប្រាស់នូវ Notch នៅលើអេក្រង់ផ្នែកខាងមុខផងដែរ។ នៅផ្នែកខាងមុខនៅលើ Notch នេះគឺមានការប្រើប្រាស់ឧបាល័របំពងសំឡេង កាមេរ៉ាខាងមុខ និងភ្លើង Light Sensor។ បើតាមដឹង គឺថា ប៉ាតង់ថ្មីនេះ គឺផ្តោតទៅលើការរចនាជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើង ហើយស្មាតហ្វូននេះ ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។
សម្រាប់ Notch ដែលប្រើប្រាស់នៅក្នុងប៉ាតង់របស់ក្រុមហ៊ុន Samsung នេះ ក៏មានរូបរាងតូចជាង Notch របស់ iPhone X អញ្ចឹងដែរ ដែលនេះ គឺបានបង្ហាញថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា តិចនៅលើ Notch នេះ។ នៅផ្នែកកាមេរ៉ាខាងក្រោយនេះ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង iPhone X ។
នៅក្នុងនោះ ក៏មានប៉ាតង់ផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នានោះ គឺការរចនាអេក្រង់ពេញលេញដែលគ្មានការប្រើប្រាស់នូវ notch។ សម្រាប់រូបរាងនេះ ប្រហែលជាប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Note ហើយមើលទៅ គ្រាន់តែផ្នែកខាងក្រោយរបស់វាប្រើប្រាស់កាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ៕