ក្រុមហ៊ុន Microsoft បានប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនៅទីក្រុង New York ក្រុមហ៊ុនបង្កើតកម្មវិធីកុំព្យូទ័រយក្សរបស់អាមេរិកនេះបានដាក់បង្ហាញចេញនូវម៉ាស៊ីនកុំព្យូទ័រ Surface Series ជំនាន់ថ្មីរបស់ខ្លួនដែលដំណើរការដោយ Windows 10 ចំនួន 3 ម៉ូដែលរួមមានដូចជា Surface Laptop 3, Surface Pro 7 និង Surface Pro X ដែលមានភ្ជាប់មកជាមួយនឹងប៊ិច Surface Slim Pen ថែមទៀតផង។ ម៉ាស៊ីនកុំព្យូទ័រ Surface ស៊េរីថ្មីទាំងបីម៉ូដែលនេះមានគុណសម្បត្តិ និងលក្ខណះសម្បត្តិរួមនឹងតម្លៃប្រហាក់ប្រហែលគ្នា។
-Surface Laptop 3
សម្រាប់ម៉ាស៊ីន Surface Laptop 3 នេះគឺមាន 2 ម៉ូដែលដោយមួយម៉ូដែលមានអេក្រង់ទំហំ 13.5 អ៊ីង និងមួយម៉ូដែលទៀតមានអេក្រង់ទំហំ15 អ៊ីងជាមួយផ្ទៃវិមាត្របង្ហាញ 3:6 aspect ratio ដូចគ្នា។ តួរខ្លួនរបស់ពួកវាត្រូវបានស្រោបដោយសារធាតុអាលុយមីញ៉ូមដែលមានកម្រាស់ស្តើងបំផុតជាមួយគ្រាប់ក្តារចុចខ្នាតពីរ 1.3mm និង 1.5mm ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយអត្ថបទ និងមានសំលេងស្ងាត់ល្អថែមទៀតផង។ ម៉ាស៊ីនកុំព្យូទ័រ Surface ជំនាន់ថ្មីនេះមានភ្ជាប់មកជាមួយរន្ធដោតប្រភេទ USB-C ដែលអាចប្រើបានទាំងសម្រាប់ការផ្ទេរទិន្នន័យចេញចូល និងសាកភ្លើងផងដែរ។
Microsoft បានអះអាងថាការសាកភ្លើងនៅលើម៉ាស៊ីន Surface ជំនាន់ថ្មីតាមរយះរន្ធចម្លង USB-C គឺមានល្បឿនលឿនបំផុតដោយសាកមិនដល់ 1 ម៉ោងផងគឺចូលបានដល់ទៅ 80% ឯណោះ។ ចំពោះកំលាំងម៉ាស៊ីនរបស់ពួកវាវិញគឺម៉ូដែល Surface Laptop 3 ទំហំ 13.5 អ៊ីងប្រើប្រាស់ជាមួយអង្គគណនាជំនាន់ចុងក្រោយរបស់ Intel គឺ Intel 10th Gen Ice Lake quad-core processor រីឯម៉ូដែលទំហំ 15 អ៊ីងប្រើប្រាស់អង្គគណនា AMD's new Ryzen mobile chips។ ចំនែកអង្គក្រាហ្វិច Microsoft បានអោយដឹងថាទាំងពីរម៉ូដែលគឺបំពាក់ជាមួយ Ryzen Surface Edition silicons។ ចំពោះតម្លៃគឺចាប់ពី $999 ទៅ $1,199 សម្រាប់ម៉ូដែល 13.5 អ៊ីង និង 15 អ៊ីង។ Microsoft បានបើកអោយអតិថិជនធ្វើការបញ្ជាទិញមុនបានសម្រាប់ម៉ាស៊ីន Surface Laptop ជំនាន់ថ្មីទាំងពីរម៉ូដែលនេះចាប់ពីថ្ងៃនេះទៅ ហើយការដឹងជញ្ជូននឹងចាប់ផ្តើមនៅថ្ងៃទី 22 ក្នុងខែតុលានេះ។
នេះជាតម្លៃសម្រាប់ម៉ូដែល Surface Laptop 3 (13.5”)
-Core i5 ជាមួយរ៉េមទំហំ 8GB/ អង្គផ្ទុកទំហំ 256GB តម្លៃខ្ទង់ $1,299
-Core i7 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 256GB តម្លៃខ្ទង់ $1,599
-Core i7 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 512GB តម្លៃខ្ទង់ $1,999
-Surface Pro 7
ម៉ាស៊ីនកុំព្យូទ័រ Surface Pro 7 គឺជាជំនាន់ថ្មីដែលធ្វើការ Upgrade ពីជំនាន់ចាស់ Surface Pro 6 ដែលមានទីផ្សារល្អសម្រាប់អ្នកប្រើប្រាស់នាពេលកន្លងមក។ Surface Pro 7 គឺជាម៉ាស៊ីនកុំព្យូទ័រដំណើរការលើ Windows 10 ប្រភេទ 2 in 1 Laptop។ ម៉ាស៊ីនជំនាន់ថ្មីនេះមានភ្ជាប់មកជាមួយរន្ធដោតប្រភេទ USB-C និងមានប៊ិច Surface Slim Pen សម្រាប់ការគូសវាស និងធ្វើកែតម្រូវផ្សេងៗ នៅលើកម្មវិធី Microsoft word និង Excel ជាមួយលទ្ធភាពសំគាល់នូវ Handwriting ផងដែរ។ ម៉ាស៊ីនកុំព្យូទ័រដ៏ស្តើងជំនាន់ថ្មីនេះប្រើប្រាស់កំលាំងម៉ាស៊ីនរបស់ Intel ជំនាន់ទី 10 ដែលមានជម្រើសដូចជា Intel Core i3, Core i5 និងCore i7 ជាមួយរ៉េមចាប់ពីទំហំ 4GB / 8GB ដល់ 16GB។ Surface Pro 7 បំពាក់នូវបន្ទះអេក្រង់ទំហំ 12.3 អ៊ីងខ្នាតបង្ហាញ 3:2 aspect ratio និងទ្រទ្រង់ទំហំរូបភាព-វិដេអូក្នុងកម្រិត 2736 x 1824px។ សម្រាប់ម៉ូដែលបំពាក់កំលាំងម៉ាស៊ី Intel Core i3 ជាមួយរ៉េមទំហំ 4GB មានតម្លៃខ្ទង់ $749 ហើយការដឹកជញ្ជូននឹងធ្វើឡើងនាថ្ងៃទី 22 ក្នុងខែតុលានេះដែរ។
តម្លៃរបស់ Surface Pro 7
-Core i5 ជាមួយរ៉េមទំហំ 8GB/ អង្គផ្ទុកទំហំ 128GB តម្លៃខ្ទង់ $899
-Core i5 ជាមួយរ៉េមទំហំ 8GB/ អង្គផ្ទុកទំហំ 256GB តម្លៃខ្ទង់ $1,199
-Core i5 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 256GB តម្លៃខ្ទង់ $1,399
-Core i7 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 256GB តម្លៃខ្ទង់ $1,499
-Core i7 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 1TB តម្លៃខ្ទង់ $2,299
-Surface Pro X
ចំនែកម៉ូដែល Surface Pro X នេះវិញគឺមានលក្ខណះសម្បត្តិខាងក្រៅស្រដៀងគ្នាជាមួយ Surface Pro 7 ដែរដោយវាជាឧបករណ៍ថេបប្លែតដែលភ្ជាប់មកជាមួយនឹងបន្ទះក្តារចុចដែលអាចដោះចេញបាន ប៉ុន្តែម៉ូដែលនេះត្រូវបានក្រុមហ៊ុន Microsoft ដាក់អោយប្រតិបត្តិការលើបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ដែលមានឈ្មោះថា “Surface SQ1” ជាមួយឈីបក្រាហ្វិក ARM។ Surface Pro X គឺជាឧបករណ៍ថ្នាក់កណ្តាលដូចម៉ូដែល Surface RT ឬ Surface 2 ដែរ។ Surface Pro X បំពាក់មកជាមួយបន្ទះអេក្រង់ទំហំ 13 អ៊ីងជាមួយទំងន់សរុប 800 ក្រាម និងមានកម្រាស់ស្តើងត្រឹមតែ 5.3mm ហើយវាក៏មានភ្ជាប់មកជាមួយប៊ិច Surface Slim Pen ដូច Pro 7 ដែរ។ បន្ថែមពីនេះម៉ូដែល Surface Pro X ក៏មានភ្ជាប់មកជាមួយរន្ធដោតប្រភេទ USB-C ផងដែរ។ Surface Pro X នឹងចេញលក់ផ្លូវការណ៍នាថ្ងៃទី 05 នាខែវិច្ឆកាចុងឆ្នាំនេះជាមួយតម្លៃខ្ទង់ $999៕