ក្រុមហ៊ុន Samsung ត្រៀមបញ្ចេញទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនខែណាមួយនៅត្រីមាសចុងក្រោយក្នុងឆ្នាំ 2021 នេះ។ ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីដែលត្រៀមបង្ហាញខ្លួនចូលជំនួសតំណែង Galaxy Z Fold 2 និង Z Flip បច្ចុប្បន្ន គឺមានដូចជា Galaxy Z Fold 3 និង Z Flip 2 ដោយមួយរយះពេលចុងក្រោយនេះ មានលេចលឺព័ត៌មានជាច្រើនដែលបាននិយាយពីទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ។
ដូចជានៅពេលនេះអីចឹង…យើងទទួលបានព័ត៌មានបែកធ្លាយថ្មីទៀតចេញពីស្ថាប័នល្បីៗឈ្មោះមួយចំនួនដែលបាននិយាយពីថ្មដែលត្រូវប្រើនៅលើ Galaxy Z Flip 2 ដែលស្ថាប័នទាំងនោះរួមមាន Safety Korea, 3C របស់ចិន និង DEKRA ជាដើម។ បើតាមរយះការចុះបញ្ចីវិញ្ញាបនប័ត្ររបស់ស្ថាប័ន Safety Korea បានបង្ហាញថាថ្មរបស់ Galaxy Z Flip 2 គឺមានចំនួន 2 កូន (Dual-Battery)ដោយមួយមានលេខកូដ EB-BF711ABY ទំហំ 2,370mAh និងមួយគ្រាប់ទៀតមានលេខកូដ EB-BF712ABY ទំហំ 903mAh ហើយសរុបទាំងពីរកូនគឺមានទំហំជិត 3,300mAh ដែលប្រហែលគ្នានឹងទំហំថ្មរបស់ Z Flip និង Z Flip 5G ដែរ។ ជាមួយគ្នានេះដែរប្រភពក៏បានបញ្ជាក់ទៀតថា Samsung នឹងបំពាក់ថ្មធំនៅផ្នែកបត់ខាងក្រោម និងថ្មតូចនៅផ្នែកបត់ខាងលើ។
Samsung Galaxy Z Flip 2 ដែលត្រូវចូលមកខ្លួនស្នងដំណែងជំនាន់ទីមួយត្រូវបានគេបង្ហើបថានឹងប្រើលេខកូដម៉ូដែល SM-F711 ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះនឹងបំពាក់អេក្រង់ថ្មីដែលមាន refresh rate ខ្ពស់ដល់ 120Hz និងមានគែមការពារជុំវិញអេក្រង់តូចស្តើងជាងមុន។ ជាងនេះទៅទៀតគេរំពឹងទុកថា Samsung Galaxy Z Flip 2 អាចនឹងបំពាក់នូវប្រព័ន្ធ Stereo Speakers រួមនឹងមានម៉ាស៊ីនដែលមានអង្គផ្ទុកទិន្នន័យទំហំ 128GB និង 256GB។ បន្ថែមពីនេះប្រព័ន្ធឈីប និងកាមេរ៉ាក៏នឹងបង្កើនផលិតភាពខ្លាំងប្រសើរជាង Galaxy Z Flip បច្ចុប្បន្នថែមទៀតផង៕