ស្មាតហ្វូនជាច្រើនកំពុងតែធ្វើការអភិវឌ្ឍយ៉ាងឈប់ឈរទៅដល់ចំណុចមួយដែលវាពិបាកនៅក្នុងការតាមអោយទាន់បច្ចេកវិទ្យាថ្មីៗណាស់។ សព្វថ្ងៃនេះ យើងឃើញមានស្មាតហ្វូនជាច្រើនដែលមានអេក្រង់ពេញគែម អេក្រង់ដែលអាចបត់បាន កាមេរ៉ានៅខាងក្រោមអេក្រង់ និងជាច្រើនទៀតដែលនេះ ពិតជាការអភិវឌ្ឍថ្មីមែនទែន។ ទន្ទឹមនឹងនេះផងដែរនោះ វាក៏មានការឌីស្សាញទៅលើទម្រង់នៃការបត់ផងដែរ។ នេះគឺជាការឌីស្សាញទម្រង់បត់ថ្មីដែលគេឃើញវត្តមានរបស់ស្មាតហ្វូន Galaxy Z Flip និង Motorola RAZR។
ក្រុមហ៊ុន Samsung ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បាននោះគឺ Samsung W21 5G ។ ស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើបច្ចេកវិទ្យា 5G ផងដែរ។ នៅថ្ងៃនេះ ស្មាតហ្វូន W21 5G ក៏ទទួលបាននូវវិញ្ញាបនបត្រ Wi-Fi Alliance ជាមួយនឹងលេខម៉ូឌែល SM-W2021។ វាគឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន Samsung W20 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះជាស្មាតហ្វូនដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នោះ។ ស្មាតហ្វូននេះគឺមានការប្រើប្រាស់នូវ firmware versionW2021.011 ហើយស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10។ ស្មាតហ្វូននេះគឺមានការទ្រទ្រង់ទៅលើ Wi-Fi Direct ផងដែរ។
សូមជំរាបថា ស្មាតហ្វូន Samsung W20 ដែលបង្ហាញខ្លួនកាលពីឆ្នាំ គឺមានអេក្រង់ទំហំ 7.30-inch dynamic AMOLED និងអេក្រង់ទីពីរទំហំ 4.6-inch AMOLED ផងដែរ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 855+ រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ស្មាតហ្វូន W20 មានកាមេរ៉ាភ្លោះទំហំ 10MP + 8MP ហើយវាមានកាមេរ៉ាខាងក្រោយទំហំ 16MP+12MP+12MP ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,235mAh និងបច្ចេកវិទ្យា Quick Charge 2.0។ យើងរំពឹងថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 865+ សម្រាប់ស្មាតហ្វូន Samsung W21 5G ផងដែរ។ ស្មាតហ្វូននេះ គឺមានការពង្រឹងទៅលើកាមេរ៉ាកាន់តែប្រសើរជាងមុន និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនជាងមុនថែមទៀតផង៕