ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការអំពីលទ្ធផលប្រចាំត្រីមាសរបស់ខ្លួននោះគឺនៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ។ នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុននេះ ក៏មានការបង្ហាញចេញអំពីប្រាក់ចំណេញនិងការនាំចេញស្មាតហ្វូនផងដែរ។ ក្រុមហ៊ុន Apple បានយកឈ្នះទៅលើក្រុមហ៊ុន Xiaomi នៅក្នុងត្រីមាសទី 3 ឆ្នាំ 2021 នេះ។
បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ Canalys នេះ ក្រុមហ៊ុន Xiaomi គឺមានចំនែកទីផ្សារចំនួន 13.5% នៃចំណែកទីផ្សារពិភពលោកដែលការនាំចេញគឺមានចំនួន 43.9 លានគ្រឿង។ នេះមានន័យថា ក្រុមហ៊ុន Xiaomi ជាប់លេខ 3 ដែលមានការធ្លាក់ចុះពីមុនចំនួន 16.7% ទៅលើចំណែកទីផ្សារនោះ។ ក្រុមហ៊ុន Apple ពេលនេះជាប់លេខ 2 ដែលមានចំណែកទីផ្សារចំនួន 15% នៅក្នុងត្រីមាសទី 3 នេះ។
លោក Wang Xiang ប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា ប្រតិបត្តិការនៅក្នុងត្រីមាសទី 3 របស់ក្រុមហ៊ុននេះក៏មានការធ្លាក់ចុះផងដែរ។ យ៉ាងណាមិញ ហេតុផលដែលក្រុមហ៊ុន Apple បានយកឈ្នះនោះគឺដោយសារតែការកើនឡើងខ្លាំងក្លាទៅលើស្មាតហ្វូន iPhone 13 series។ ប្រធានរបស់ក្រុមហ៊ុននេះ បាននិយាយថា កង្វះទៅលើបន្ទះឈីបនៅក្នុងត្រីមាសនេះក៏មានការប៉ះពាល់ទៅលើការនាំចេញនៃស្មាតហ្វូនរបស់ក្រុមហ៊ុននេះផងដែរ។ នាយកប្រតិបត្តិរូបនេះ ជឿជាក់ថា កង្វះទៅលើការនាំចេញនេះគឺមានចំនួនដល់ទៅ 10 ទៅ 20 លានគ្រឿង៕