Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលមួយ ត្រូវបានគេមើលឃើញថា ហាក់បីដូចជាអាចទប់ទល់ទៅនឹងព្យុះភ្លៀងជាច្រើន ហើយក្រុមហ៊ុននេះ ក៏បានបន្តឆ្ពោះទៅមុខកាន់តែខ្លាំងក្លាជាងមុន និងប្រកបដោយសុទិដ្ឋិនិយមថែមទៀតផង។ ថ្មីៗនេះ លោក Ken Hu ដែលជាប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei ក៏បានបញ្ជូនសារជូនពរសម្រាប់ឆ្នាំថ្មី 2024 នេះផងដែរ។
នៅក្នុងឆ្នាំ 2023 ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក្រុមហ៊ុន Huawei នៅតែមានភាពរឹងមាំ ហើយក្រុមហ៊ុននេះក៏មានប្រាក់ចំណេញបានដល់ទៅ 98 ពាន់លានដុល្លារអាមេរិកផងដែរដែលនេះពិតជាមានការកើនឡើងពីឆ្នាំមុននេះ។
ការសម្រេចបាននូវសមិទ្ធិផលនេះ គឺឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei និងយុទ្ធសាស្រ្តក្នុងការផ្តោតទៅលើរយៈពេលវែង និងកំណើនដ៏ខ្លាំងក្លា។ ការធ្វើដំណើររបស់ក្រុមហ៊ុន Huawei នេះ មិនមែនជារឿងដែលងាយស្រួលនោះទេ ជាពិសេសនៅពេលដែលរងនូវការដាក់ទណ្ឌកម្មជាច្រើនដោយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ក្រុមហ៊ុននេះ ក៏បានគ្រប់ គ្រងទៅលើសន្ទុះរបស់ខ្លួនបានផងដែរជាពិសេសទៅលើផ្នែកផលិតផល បច្ចេកវិទ្យា Cloud Computing និង ICT ជាដើម។
ដំណើរការនេះ គឺស្ថិតនៅក្រោមសមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការទទួលយក និងការបង្កើតថ្មីទៅលើទិដ្ឋភាពនៃបច្ចេកវិទ្យាដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ផ្នែកដ៏សំខាន់នៃការរីកចម្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នេះ គឺជួយដល់ការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មជាច្រើនផងដែរ។ ក្រុមហ៊ុន Huawei ក៏មានគោលដៅក្នុងការជួយដល់អតិថិជនជាច្រើនរបស់ខ្លួនក្នុងការបង្កើនទៅលើប្រសិទ្ធិភាពកាន់តែប្រសើរជាងមុន ការពង្រឹងទៅលើល្បឿននៃការបញ្ជូនទិន្នន័យ ការប្រកាសបង្ហាញនូវសេវាកម្មថ្មីៗ និងសមត្ថភាពជាច្រើនទៀតនៅលើបណ្តាញផងដែរ។
មកដល់ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Huawei ក៏បានក្លាយជាផលិតផល ដែលមានការពេញនិយមខ្លាំងនៅក្នុងឆ្នាំ 2023 កន្លងទៅនេះ ជាពិសេសនៅពេលដែលក្រុមហ៊ុននេះបង្ហាញនូវស្មាតហ្វូនជាច្រើនដែលមានបច្ចេកវិទ្យា 5G ។ ការភ្ញាក់ផ្អើលមួយទៀតគឺបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ ទៅលើបច្ចេកវិទ្យា។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏មានគោលដៅក្នុងការបង្កើនទៅលើការអភិវឌ្ឍនៃ apps សម្រាប់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួនតាមរយៈយុទ្ធសាស្រ្តនៃកិច្ចសហការគ្នា និងការឆ្ពោះទៅមុខក្នុងប្រព័ន្ធ ecosystem ៕