
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Huawei មានគម្រោងនៅក្នុងការបង្ហាញនូវបន្ទះឈីប Ascend AI របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅឆ្នាំក្រោយនេះហើយ។ បច្ចុប្បន្ននេះ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង គឺមានការពឹងផ្អែកទាំងស្រុងទៅលើក្រុមហ៊ុន Nvidia សម្រាប់បន្ទះឈីប AI ដែលមានគុណភាពខ្ពស់។ យ៉ាងណាមិញ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានត្រៀមខ្លួននាំយកនូវ AI ដែលជាជម្រើសទី 2 សម្រាប់ទីផ្សារនៅក្នុងប្រទេសនេះថែមទៀតហើយ។
នៅក្នុងព្រឹត្តិការណ៍ Huawei Day 2025 នេះ ក្រុមហ៊ុន Huawei ក៏មានការប្រកាសអំពីជំហានមួយចំនួនដែលខ្លួននឹងចូលទៅកាន់ទីផ្សាររបស់កូរ៉េនៅឆ្នាំ 2026 នេះ។ រឿងសំខាន់ទី 1 នៃជំហាននេះ គឺការបង្ហាញនូវចេញនូវ Huawei Ascend AI ជំនាន់ថ្មីចុងក្រោយបំផុតនៅក្នុងប្រទេសកូរ៉េ។ ខណៈពេលដែលក្រុមហ៊ុន Nvidia គ្រប់គ្រងទីផ្សារប្រទេសកូរ៉េនេះ ទីផ្សារមួយនេះ ក៏មានការរីកចម្រើនខ្លាំងទៅលើ AI នៅក្នុងប្រព័ន្ធ Ecosystem របស់ខ្លួនផងដែរ។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗជាច្រើនដូចជា Samsung Electronics, SK Hynix, Hana Micron, Telechips, DI Corp ដែលល្បីទៅលើបន្ទះឈីប AI នេះ។ ក្រុមហ៊ុនប្រហែលជា 86 កំពុងតែធ្វើការនៅលើការឌីស្សាញ ឬផលិតកម្មនៃបន្ទះឈីប AI នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុន Huawei ជាច្រើន ក៏បានចាប់ផ្តើមផ្តោតទៅលើរឿងនេះផងដែរ។ លោក Balian Wang ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសកូរ៉េ បាននិយាយថា “ក្រុមហ៊ុន Huawei នៅកូរ៉េមានគម្រោងក្នុងការប្រកាសនូវ AI Computing Cards និងដំណោះស្រាយ AI Data Center នៅឆ្នាំក្រោយនេះ។ យើងចង់អោយក្រុមហ៊ុនជាច្រើននៅកូរ៉េជាមួយនឹងជម្រើសទី ២បន្ទាប់ពីក្រុមហ៊ុន Nvidia ។”
លោក Wang បានបញ្ជាក់ថា បន្ទះឈីប AI Chipset ដំបូងបំផុត នឹងបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េនោះគឺជា Ascend 950។ នាយកប្រតិបត្តិនេះ បានបន្ថែមថា ក្រុមហ៊ុន Huawei មានគោលដៅមិនត្រឹមតែផ្តល់នូវ AI Chip នៅក្នុងប្រទេសនេះទេ ប៉ុន្តែក៏មានគោលដៅក្នុងការជម្រុញទៅលើឧស្សាហកម្មនេះផងដែរ។ បន្ទាប់ពី AI Chips នេះ ក្រុមហ៊ុនHuawei មានគោលដៅក្នុងការបង្កើតនូវ software ecosystem ជាមួយនឹង open source operating system – HarmonyOS របស់ខ្លួនផងដែរ។
លោក Balian Wang បាននិយាយទៀតថា “HarmonyOS នឹងមិនមែនជាកម្មសិទ្ធិរបស់ Huawei នោះទេ ហើយពេលនេះ ត្រូវបានប្រតិបត្តិ និង upgrade ដោយស្ថាប័ន Open Source ហើយ។ OS នេះ គឺមិនត្រឹមតែប្រើប្រាស់នៅលើស្មាតហ្វូននោះទេ ប៉ុន្តែក៏នឹងមានប្រើប្រាស់នៅលើឧបករណ៍ Smart Home ជាច្រើនទៀតផង៕”





