ជាមួយនឹងវត្តមានរថយន្តស៊េរីថ្មី Supra ទាំងអស់ ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Detroit 2019 នេះ គឺមិនមែនមានត្រឹមតែជារថយន្តស្ព័ររបស់ជប៉ុនប៉ុណ្ណោះទេ នៅក្នុងនោះ ក៏មានការបង្ហាញនូវវត្តមានរបស់រថយន្តស៊េរីថ្មី Lexus RC F Track Edition 2020 ដ៏ស្រស់ស្អាតផងដែរ។ នេះ គឺជាម៉ូដែលរថយន្តដ៏ទាន់សម័យត្រកូល Lexus ដែលក្រុមហ៊ុន ធ្លាប់ផលិតចាប់តាំងពី LFA។ កន្លងមក មានមនុស្សជាច្រើនមានការរំពឹងថា រថយន្ត Lexus នេះនឹងមានការ Upgrades ទៅលើកម្លាំងម៉ាស៊ីនសម្រាប់រថយន្តស្ព័ររបស់ម៉ូដែលថ្មីៗផងដែរ។ តួយ៉ាងដូចជា នៅពេលនេះ រថយន្ត RC F Track Edition ក៏បង្ហាញខ្លួនជាមួយនឹង RC F ស្តង់ដារ ដែលមានរូបរាងទាក់ទាញបំផុត។
លោក Koji Sato ដែលជានាយកប្រតិបត្តិអនុប្រធានអគ្គនាយកនៃក្រុមហ៊ុន Lexus International បាននិយាយថា “សម្រាប់រថយន្ត RCF និង Track Edition ស៊េរីថ្មីនេះ គឺមានការអភិវឌ្ឍយ៉ាងខ្លាំង និងមានការពង្រឹងជាច្រើន សម្រាប់ម៉ូដែលរថយន្តទាំងនេះ នឹងជួយធ្វើអោយវាខុសប្លែកពីម៉ូដែល F ជាមួយនឹងការពង្រឹងទៅលើល្បឿនលឿន ធន់ សមត្ថភាពខ្លាំង និងបច្ចេកវិទ្យាជាច្រើនទៀត ដែលធ្វើឱ្យអ្នកបើកបរជាច្រើន អាចឈានទៅដល់កម្រិតមួយជាលក្ខណៈជំនាញគ្រប់កម្រិតតែម្តង។”
សម្រាប់ម៉ូដែលទាំងពីរនេះ គឺប្រើប្រាស់នូវម៉ាស៊ីនទំហំ 5.0-liter V8 ជាមួយនឹងកម្លាំងម៉ាស៊ីន 472 សេះ និងកម្លាំងរមួល 395 lb-ft ។ រថយន្តនេះ មានការបង្កើនូវកម្លាំង 5 សេះ បើធៀបជាមួយនឹងម៉ូដែលជំនាន់មុនៗនេះ យើងសង្ឃឹមថារថយន្ត Track Edition នឹងមានថាមពលខ្លាំងក្លាបំផុត។
ម៉ាស៊ីន V8 នេះ គឺបានភ្ជាប់ទៅកាន់ចង្កឹះលេខ 8 វគ្គជាមួយនឹងកម្រិត Ratio បើកបរខ្ពស់ជាងមុន (3.13 vs 2.93) ក្នុងការពង្រឹងទៅលើការបើកបរនៅលើស្ថានភាពផ្លូវដែលពិបាកៗនោះ។ សម្រាប់ការគ្រប់គ្រងនៅលើម៉ូដែលស្តង់ដារ គឺអនុញ្ញាតអោយរថយន្ត RC F 2020 នេះ បង្កើនល្បឿនដល់ទៅ 0-62 mph ក្នុងរយៈពេលត្រឹមតែ 4.2 វិនាទីប៉ុណ្ណោះ ស្របពេលដែល Track Edition គឺចំណាយរយៈពេលត្រឹមតែ 3.96 វិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Lexus អះអាងថា រថយន្ត RC F Track Edition គឺមានកម្លាំងខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។
សម្រាប់រថយន្ត hardcore RC F Track Edition នេះគឺមានការ Upgrades ទៅលើប្រព័ន្ធ aerodynamic ។ រថយន្ត RC F Track Edition នេះ ប្រើប្រាស់នូវពូកស្បែកពណ៌ក្រហមនៅខាងក្នុងត្រង់កន្លែងអង្គុយ Alcantara និងឆ្នូតក្រហមនៅត្រង់ទ្វារ និង Dashboard ផងដែរ។ ពណ៌ខាងក្រៅរបស់រថយន្តនេះគឺមានពីរជម្រើសគឺ Ultra White និង Matte Nebula Gray ។ ការផលិតរថយន្ត 2020 Lexus RC F និង RC F Track Edition នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី 2 ឆ្នាំ 2019 ស្របពេលដែលតម្លៃរបស់វានៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ៕