នៅថ្ងៃនេះ ក្រុមហ៊ុន Jaguar Land Rover បានប្រកាសថា រថយន្ត Sedans របស់ខ្លូនជាច្រើន ពិតជានឹងមានការពេញនិយមយ៉ាងខ្លាំងសារជាថ្មីម្តងទៀតនៅថ្ងៃណាមួយ ដោយសារតែការលក់រថយន្ត Sedans គឺមានការធ្លាក់ចុះ ហើយតម្រូវការសម្រាប់រថយន្តប្រភេទ Crossover គឹមានការកើនឡើងយ៉ាងខ្លាំង ដែលបានធ្វើអោយក្រុមហ៊ុនមួយចំនួនបានប្រកាសឈប់ផលិតរថយន្ត Sedan ជាក់ស្តែងដូចជា ក្រុមហ៊ុន Ford ជាដើម។ Ford បានធ្វើការបោះបង់ចោលនូវរថយន្តដឹកអ្នកដំណើររបស់ខ្លួនដែលដាច់ដោយឡែកពីរថយន្ត Mustang ហើយក្រុមហ៊ុន General Motors ថ្មីៗនេះក៏បោះបង់ចោលនូវរថយន្តប្រភេទ Sedans ចំនួន 6 ម៉ូដែលផងដែរ ដោយងាកទៅផ្តោតនៅលើរថយន្តប្រភេទ SUVs វិញ។
សម្រាប់ក្រុមហ៊ុន Jaguar Land Rover គឺនៅតែតស៊ូយ៉ាងខ្លាំងសម្រាប់រថយន្ត Sedans ដែលរំពឹងថា នឹងមានតម្រូវការខ្ពស់នៅក្នុងពេលអនាគត បើទោះបីជាមានការខកចិត្តទៅលើការលក់ក៏ដោយ។ ការលក់ធ្លាក់ចុះរបស់រថយន្តប្រភេទ Sedan នេះ គឺបានបណ្តាលអោយមានការកាត់បន្ថយបុគ្គលិកចំនួន 4500 កន្លែងរបស់ក្រុមហ៊ុន Jaguar Land Rover ដែលជាផ្នែកនៃគម្រោងផែនការសម្រាប់ការកាត់បន្ថយទឹកប្រាក់ចំនួន 3.15 ពាន់លានដុល្លារអាមេរិក។
សម្រាប់ការលក់រថយន្តស៊េរី XE sedan គឺមានការធ្លាក់ចុះ 21% នៅក្នុងរយៈពេល 11 ខែដំបូងកាលពីឆ្នាំមុននេះដែលមានការលក់បានត្រឹមតែ 28,402 គ្រឿងប៉ុណ្ណោះ ខណៈពេលដែលម៉ូដែល XF ទំហំធំជាងគឺលក់បានចំនួនត្រឹមតែ 29,563 គ្រឿង នៅក្នុងរយៈពេលដូចគ្នា ហើយនេះ បង្ហាញអំពីការធ្លាក់ចុះដល់ទៅ 23%។ សរុបមក ការលក់ គឺមានការកើនឡើងជិត 1% ផងដែរ គឺដោយសារតែវត្តមានរបស់រថយន្ត E-Pace compact SUV ។
លោក Ralf Speth នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jaguar Land Rover បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Automotive News ថា “នៅក្នុងខណៈពេលដែលរថយន្ត SUVs គឺមានតម្រូវការខ្លាំងមែនទែននោះ អត្រានៃកំណើនរបស់វាគឺខ្លាំង ប៉ុន្តែយើងបានឃើញនូវលទ្ធផលនេះ រួចមកហើយ។” សម្រាប់រថយន្ត Jaguar XE នឹងធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត BMW 3 series, Mercedes C class និង Audi A4 ខណៈពេលដែលប្រភេទ XF ក៏សំខាន់ផងដែរ។ គាត់និយាយថា “នេះមានន័យថា អ្នកត្រូវតែស្ថិតនៅក្នុងផ្នែកទាំងអស់នេះ ដើម្បីធ្វើការប្រកួតប្រជែង និងសម្រេចនូវបរិមាណសមស្របមួយសម្រាប់ការបង្កើតទៅលើផ្នែកសេដ្ឋកិច្ច។”
ស្របពេលដែលតម្រូវការនៃរថយន្ត SUVs បានបង្ហាញអំពីសញ្ញាថា គឺមិនមានការធ្លាក់ចុះទេនោះ លោក Speth មានជំនឿជឿជាក់ថា រថយន្តប្រភេទ Sedans ជាច្រើន អាចនឹងមានការពេញនិយមយ៉ាងខ្លាំងក្លានៅពេលដែលវាបង្ហាញខ្លួននៅក្នុងតំបន់អ៊ឺរ៉ុប និងប្រទេសចិនស្រ បពេលដែលវាមានបទបញ្ជាយ៉ាងតឹងរឹងទៅលើការបញ្ចេញផ្សែងរថយន្តនោះ។ លោកនិយាយថា “នៅពេលដែលអ្នកគិតដល់ការចាកចេញពីរថយន្តប្រភេត Sedans នោះ អ្នកអាចពិចារណាទៅលើបទបញ្ញត្តិនៃឧស្ម័នកាបូនិក។ នៅត្រឹមឆ្នាំ 2030 និង 2040 នោះ អ្នកអាចស្វែងរកនូវការកាត់បន្ថយទៅលើបទបញ្ជនេះបានដល់ទៅ 40%។ នេះមានន័យថា សម្រាប់រថយន្ត Sedans នាពេលអនាគតនឹងមានការពេញនិយមខ្លាំងជាងរថយន្ត SUV ។”
ក្រុមហ៊ុន Jaguar នៅតែរក្សានូវរថយន្ត Sedans ដោយធ្វើការផ្លាស់ប្តូររូបរាងនៃរថយន្តទាំងនេះ និងបង្កើនការផលិតរថយន្តអេឡិចត្រូនិចសម្រាប់ម៉ូដែលជាច្រើននៅពេលអនាគត ប៉ុន្តែលោក Speth មិនផ្តល់ព័ត៌មានច្រើនបន្ថែមពីនេះទៀតនោះទេ។ សម្រាប់រថយន្ត XE និង XF ជំនាន់បន្ទាប់នោះនឹងបង្កើតឡើងនៅក្នុងរោងចក្រថ្មីរបស់ក្រុមហ៊ុន Jaguar Land Rover នៅក្នុងប្រទេសស្លូវ៉ាគីចាប់ពីឆ្នាំ 2023 ៕