Tesla បានធ្វើការដាក់តាំងបង្ហាញកំពូលរថយន្ត Cybertruck លើកដំបូងនៅថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2019ក្នុងអំឡុងពេលព្រឹត្តិការណ៍ពិសេសមួយដែលធ្វើឡើងនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានបង្ហាញរថយន្ត Cybertruck ជាសាធារណៈ។ នៅថ្ងៃដាក់បង្ហាញនោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងជំរុញឱ្យមានការពិភាក្សាអំពីការរចនា និងលក្ខណៈពិសេសតែមួយគត់របស់រថយន្តបែបអនាគតមួយនេះ។
ជាងនេះទៅទៀត Teslaបានបើកការបញ្ជាទិញមុននៃ Cybertruck ប៉ុន្តែមិនយូរប៉ុន្មាន ត្រឹមតែក្នុងរយៈពេលប៉ុន្មានថ្ងៃ Cybertruck ទទួលបានការបញ្ជាទិញយ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ ប្រហែលជាបីឆ្នាំកន្លះមកហើយមកទល់នឹងពេលនេះ Cybertruck នៅតែមិនត្រូវបានចេញលក់ជាផ្លូវការណ៍នៅឡើយទេ។ យ៉ាងណាមិញ បើយោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹង Tesla បានកំពុងរៀបចំការផលិតរថយន្ត Cybertruck ក្នុងចំនួន 375,000 គ្រឿងក្នុងមួយឆ្នាំ ហើយសង្វាក់ផលិតកំពូលរថយន្តអគ្គិសនីបែបអនាគតមួយនេះនឹងត្រូវចាប់ផ្តើមដំណើរការនៅចុងខែសីហា ឆ្នាំ 2023។ ហើយការប្រកាសចេញផ្លូវការណ៍អាចចាប់ផ្តើមនៅចុងត្រីមាសទី 3 ដែលអាចនៅក្នុងខែកញ្ញា។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Tesla នាយកប្រតិបត្តិលោក Elon Musk បានមានប្រសាសន៍ថា ដំបូងឡើយយើងបានព្យាករណ៍ពីគោលដៅផលិតកម្មប្រចាំឆ្នាំសម្រាប់ Cybertruck ត្រឹមចំនួន 250,000 គ្រឿង។ ដោយឡែកសម្រាប់របាយការណ៍ថ្មីៗនេះបង្ហាញថា Tesla បាននឹងកំពុងស្នើសុំអ្នកផ្គត់ផ្គង់ឱ្យរៀបចំសម្រាប់អត្រាផលិតកម្មមូលដ្ឋានប្រចាំឆ្នាំដល់ទៅចំនួន 375,000 គ្រឿង ដោយបង្ហាញពីមហិច្ឆតារបស់ក្រុមហ៊ុន និងការបង្កើនទំនុកចិត្តលើតម្រូវការទីផ្សារសម្រាប់កំពូលរថយន្ត Cybertruck។
ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា សម្រាប់សង្វាក់ផលិត Cybertruck ដំបូង អាចនឹងចាប់ផ្តើមនៅចុងខែសីហា ហើយដំណាក់កាលផលិតទ្រង់ទ្រាយធំអាចនឹងចាប់ផ្តើមនៅក្នុងខែតុលា ហើយ Tesla ក៏អាចនឹងដាក់ឲ្យធ្វើការបញ្ជាទិញមុនសម្រាប់រថយន្ត Cybertruck របស់ខ្លួន នៅមុនដំណាច់ឆ្នាំ 2023។ យ៉ាងណាមិញបើតាមប្រភពចេញពីក្នុងសង្វាក់ផលិតកម្ម បានបង្ហើបថា Tesla អាចនឹងប្រើយុទ្ធសាស្ត្រទីផ្សាររបស់ Cybertruck ដូចគ្នានឹងពេលដែលក្រុមហ៊ុនបញ្ចេញម៉ូដែល Y (Tesla Model Y) អីចឹងដែរ គឺបញ្ចេញលក់សម្រាប់តែបុគ្គលិករបស់ Tesla និងអ្នកពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនជាមុនសិន នៅមុនពេលបញ្ចេញលក់នៅលើទីផ្សារ៕