កាលពីខែមុននេះ មានពាក្យចចាមអារ៉ាមមួយបានបញ្ជាក់ថា ក្រុមហ៊ុន Sony គ្រោងនឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress (MWC) ដែលនឹងធ្វើឡើងនៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះអេក្រង់ប្រភេទ 4K ហើយវាជាអ្នកស្នងត្រកូលរបស់ស្មាតហ្វូន Xperia Z5 Premium ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ 2015 ក៏ប្រើប្រាស់នូវបន្ទះអេក្រង់ 4K ផងដែរ។
នៅថ្ងៃនេះ ពាក្យចចាមអារ៉ាមថ្មីមួយទៀត បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ដោយគណនីឈ្មោះថា @ricciolo1 បានបញ្ជាក់ថា ក្រុមហ៊ុន Sony ពិតជាកំពុងតែដំណើរការទៅលើស្មាតហ្វូនស៊េរីថ្មីពិតប្រាកដមែន ប៉ុន្តែស្មាតហ្វូននេះ មិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC នោះទេ។ មតិមួយចំនួនទៀតបានអះអាងថា ក្រុមហ៊ុន Sony ប្រហែលជាបង្ហាញនូវគំរូស្មាតហ្វូនរបស់ខ្លួនទៅកាន់ដៃគូសហការរបស់ខ្លួននៅក្នុងការប្រជុំសម្ងាត់ណាមួយជាក់ជាមិនខាន។ ពាក្យចចាម អារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវបន្ទះឈីប Snapdragon 835 សម្រាប់ស្មាតហ្វូន Galaxy S8 របស់ខ្លួន ហើយនេះ ជាហេតុផលដែលក្រុមហ៊ុន Sony នៅមិនទាន់ធ្វើការប្រកាសនូវស្មាតហ្វូនបន្តរវេនពី Z5 Premium នៅក្នុងព្រឹត្តិការណ៍ MWC ។
ស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ស៊េរីថ្មីនេះ ត្រូវបានគេនិយាយតៗគ្នថា វានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 835 ដូចទៅនឹង Galaxy S8។ ក្នុងនោះក៏នៅមានមតិជាច្រើនទៀតដែរ ដោយបាននិយាយថា ក្រុមហ៊ុន Sony គួរតែប្រកាសនូវស្មាតហ្វូនស៊េរីថ្មីនេះ នៅក្នុងខែកុម្ភៈ ហើយវាអាចដាក់លក់បាននៅក្នុងខែឧសភា ឬមិថុនាបាន។ យើងបានទទួលដំណឹងថ្មីបំផុតហើយថា ស្មាតហ្វូន Galaxy S8 អាចនឹងដាក់បង្ហាញនៅក្នុងចុងខែមេសា ដូចនេះ វាជាឱកាសសម្រាប់ក្រុមហ៊ុន Sony ហើយ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Xperia Z5 Premium ស៊េរីបន្ទាប់នេះ បានប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB/6GB និងប្រព័ន្ធកាមេរ៉ា Sony IMX400 ផងដែរ៕