វាជាពេលវេលាមួយទៀតដ៏អស្ចារ្យដែលនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះ។ អ្វីដែលយើងបានដឹងមកទល់ពេលនេះ ស្មាតហ្វូនពីរស៊េរីម៉ូដែល Galaxy S8 និង Galaxy S8+ ពិតជាបង្ហាញខ្លួនក្នុងពេលជាមួយគ្នាដែលអេក្រង់របស់វាជាប្រភេទអេក្រង់គែមកោងដូចទៅនឹងរូបរាងរបស់ហ្វាប់ប្លេត Galaxy Note 7 ផងដែរ។ នៅក្នុងរយៈពេលពីរសប្តាហ៍នេះ វាមានការបែកធ្លាយជាច្រើនអំពីរូបរាង និងរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូនទាំងពីរស៊េរីម៉ូដែលនេះផងដែរ។
រូបភាពថ្មីជាច្រើនដែលបង្ហាញនៅពេលនេះត្រូវបានរចនាឡើងដោយក្រុម DesignWoOS ហើយរូបភាពទាំងនេះត្រូវបានគេអះអាងថាជាគំនូសព្រាងរបស់ស្មាតហ្វូន Galaxy S8 ។ យ៉ាងណាមិញ ការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះគឺមិនចាកចេញឆ្ងាយពីការរចនារូបរាងរបស់ Galaxy S7 Edge ឬ Galaxy Note 7 នោះទេ ជាពិសេសការរចនារូបរាងរបស់ត្រកូលស្មាតហ្វូន Galaxy S8 នោះពិតជាមិនធម្មតានោះទេ។
អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ប្រព័ន្ធស្កែនក្រយ៉ៅដៃរបស់ស្មាតហ្វូន Samsung Galaxy S8 ប្រហែលជាស្ថិតនៅផ្នែកខាងក្រោយដូចអ្វីដែលបានដាក់បង្ហាញនៅក្នុងរូបភាព Renders ថ្មីនេះ។ ក្រុមហ៊ុន Samsung ប្រហែលជាដើរតាមជំហានរបស់ក្រុមហ៊ុន Apple និងក្រុមហ៊ុន Motorola នៅក្នុងការបោះបង់ចោលនូវរន្ធដោតកាស 3.5 mm ។ ស្មាតហ្វូន Galaxy S8 ត្រូវបានគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 29 ខែមីនាខាងមុខនេះ ហើយការប្រកាសដាក់លក់គឺនៅក្នុងខែមេសាខាងមុខនេះហើយ៕