តាមប្រភពពីក្រុមហ៊ុន Xiaomi បានឱ្យដឹងថា ការបង្កើតនូវបន្ទះឈីប Snapdragon 821 របស់ក្រុមហ៊ុន Qualcomm គឺពិតជាអស្ចារ្យមួយហើយ ប៉ុន្តែអ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ គឺល្បឿនដំណើរការនៃផ្នែកខាងក្នុងរបស់បន្ទះឈីបនេះ សម្រាប់ទូរស័ព្ទស៊េរីថ្មី Xiaomi Mi 5s Plus ។ បើនិយាយអំពីល្បឿន ការសន្សំថាមពល និងប្រព័ន្ធដំណើរការរបស់បន្ទះឈីបនេះ ក្រុមហ៊ុន Xiaomi បានពន្យល់អំពីបច្ចេកវិទ្យា Clear Sight របស់ក្រុមហ៊ុន Qualcomm សម្រាប់កាមេរ៉ាភ្លោះ ដើម្បីពង្រឹងសមត្ថភាពកាន់តែខ្លាំងក្លាទៅលើការថតរូបរបស់ទូរស័ព្ទនេះ។
Xiaomi Mi 5s Plus បានក្លាយជាទូរស័ព្ទដំបូងបំផុតដែលមានសមត្ថភាពខ្លាំងក្លាយ និងបំពាក់នូវកាមេរ៉ាភ្លោះថែមទៀតផង។ បច្ចេកវិទ្យា Clear Sight ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការចាប់យករូបភាពល្អច្បាស់ស្អាត និងកាត់បន្ថយនូវគ្រាប់ល្អិតៗ (noise) នៅពេលដែលលោកអ្នកចាប់ផ្តើមថតរូបភាពនៅកន្លែងដែលមានពន្លឺតិច ហើយកាមេរ៉ាភ្លោះនេះ អាចថតរូបបានកាន់ល្អឥតខ្ចោះ គឺកាមេរ៉ាមួយគ្រាប់សម្រាប់ថតរូបពណ៌ និងកាមេរ៉ាមួយទៀតសម្រាប់ថតរូបសខ្មៅ។
កាមរ៉ារបស់ទូរស័ព្ទនេះ អាចធ្វើការស្រូបពន្លឺបានច្រើន ដែលធ្វើឱ្យរូបភាពកាន់តែច្បាស់ និងកាត់បន្ថយនូវគ្រាប់ noise កាន់តែតិច។ ការថតរូបភាពដោយប្រើប្រាស់កាមេរ៉ាភ្លោះនេះ ទូរស័ព្ទបានប្រើប្រាស់នូវបច្ចេកវិទ្យា Clear Sight របស់ក្រុមហ៊ុន Qualcomm ដើម្បីធ្វើការច្របាច់រូបភាពឱ្យច្បាស់ល្អ និងកាត់បន្ថយគ្រាប់ noise ទៅលើរូបភាព។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺថា ទូរស័ព្ទ Xiaomi Mi 5s Plus បំពាក់នូវសែនស័រកាមេរ៉ាដូចគ្នាដែលកាមេរ៉ាមួយគ្រាប់មិនអាចថតពណ៌កូល័របានទេប៉ុន្តែបានតែពណ៌សខ្មៅ ប៉ុន្តែពន្លឺដែលវាទទួលបានគឺបង្កើនឡើងចំនួន 3 ដង។
តាមប្រភពពីក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា រូបភាពដែលថតពណ៌ស និងខ្មៅមិនមាន Color Filter ទេប៉ុន្តែ វាមានភាពមុតច្បាស់ គ្រាប់ Noise កាន់តែតិច និងច្បាស់ល្អ។ បច្ចេកវិទ្យា Clear Sight របស់ Qualcomm ត្រូវបានបំពាក់យ៉ាងពេញលេញសម្រាប់កាមេរ៉ា Sony ចំនួន 2 គ្រាប់ ជាពិសេសការពង្រឹងទៅលើការចាប់យករូបភាពនៅកន្លែងដែលខ្វះពន្លឺដោយធ្វើការគណនាធ្វើយ៉ាងណាទទួលបានរូបភាពស្រស់ស្អាត និងក្នុងល្បឿនលឿនថែមទៀត៕