ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា ជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលមួយក្នុងពិភពលោក។ ក្រុមហ៊ុនរបស់អាមេរិកមួយនេះ ទទួលបានប្រជាប្រិយភាពខ្លាំងជាមួយនឹងឧបករណ៍ iOS ពិសេសទូរស័ព្ទ iPhone ដែលជាម៉ាកសញ្ញាមួយមានភាពល្បីសុះសាយខ្លាំងបំផុតក្នុងពិភពស្មាតហ្វូន។ ដោយពីមួយជំនាន់ទៅមួយជំនាន់ទូរស័ព្ទ iPhone ត្រូវបានធ្វើការផ្លាស់ប្តូររូបរាង និងរចនាបថកាន់តែមានភាពទាក់ទាញទ្វេរឡើងព្រមទាំងបំពាក់នូវផ្នែករឹងគុណភាពខ្ពស់ និងបច្ចេកវិទ្យាថ្មីៗទំនើបៗចុងក្រោយបំផុតផងដែរ។ ទូរស័ព្ទជំនាន់ថ្មី iPhone 7 បញ្ចេញលក់មិនទាន់បានប៉ុន្មានខែផងស្រាប់តែមានលេចលឺព័ត៌មានចចាមអារ៉ាមអំពីស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ Apple ទៅហើយនោះគឺ iPhone 8។
គេបានធ្វើការទស្សន៍ទាយទុកថា Apple នឹងធ្វើការផ្លាស់ប្តូរកញ្ចក់អេក្រង់នៅលើទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់ខ្លួនដោយប្តូរពីកញ្ចក់ LCD panel ទៅប្រើកញ្ចក់ OLED panel វិញ។ ការលើកឡើងដូចនេះព្រោះគេមើលឃើញពីតម្រុយយ៉ាងច្បាស់ក្រោយពី Apple បានចុះអនុសារណមួយក្នុងការទិញយកកញ្ចក់អេក្រង់ OLED panel ពី Samsung ប្រមាណជាង 100 លានកញ្ចក់រួចហើយកាលពីថ្មីៗនេះ។ មួយវិញទៀតគេ បានធ្វើការប៉ាន់ប្រមាណទៀតថា iPhone 8 ដែលចេញឆ្នាំក្រោយនេះ នឹងមានមួយម៉ូដែលប្រើប្រាស់កញ្ចក់អេក្រង់កោង (Curved Display) ជាក់ជាមិនខាន។
ក្នុងសេចក្តីប្រកាសមួយបាននិយាយថា “ប្រសិនបើផលិតផលជំនាន់ក្រោយរបស់ Apple មានដូចជាទូរស័ព្ទ iPhone និង iPad ជាដើមចាប់ផ្តើមបំពាក់កញ្ចក់អេក្រង់ AMOLED ពេលនោះតម្រូវទីផ្សារនៃឧបករណ៍ទាំងនោះសម្រាប់ឆ្នាំ 2018 ទៅ 2020 នឹងមានការកើនឡើងខ្លាំង ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតបែរទៅរកការផ្គត់ផ្គងកញ្ចក់ប្រភេទនេះសម្រាប់ផលិតផលរបស់ពួកគេ ហើយវានឹងធ្វើឲ្យការផ្គត់ផ្គងកាន់តែមានការកើនឡើងកាន់តែខ្លាំង។ ប៉ុន្តែអ្វីដែលជាឧបសគ្គធំនោះគឺវានឹងធ្វើឲ្យការប្រគូតប្រជែងទីផ្សារផលិតផលរបស់ពួកគេមានការធ្លាក់ចុះកាន់តែខ្លាំងផងដែរ”។
ផ្ទុយពីការលើឡើងនេះក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗក្នុងប្រទេសចិនដូចជា ViVo, Oppo និង Huawei ជាដើមមិនបានបង្ហាញក្តីព្រួយបារម្មណ៍ណាមួយឡើយចំពោះបញ្ហានេះ ព្រោះថាក្រុមហ៊ុនរបស់ពួកគេបានផលិត និងចេញលក់នូវស្មាតហ្វូនដែលបំពាក់អេក្រង់ប្រភេទនេះបានជាង 70 លានគ្រឿងរួចទៅហើយនៅលើទីផ្សារទូទាំងពិភពលោក។ ហើយបើទៅថ្ងៃអនាគតទូរស័ព្ទ iPhone របស់ Apple បំពាក់កញ្ចក់អេក្រង់ OLED ក៏ដោយក៏ពួកគេមិនមានក្តីបារម្មណ៍ក្នុងការប្រគូតប្រជែងទីផ្សារនោះឡើយក្នុងឆ្នាំ 2017 ឬក៏ពីរបីឆ្នាំទៅមុខទៀត។ ឆ្នាំ 2017 ត្រូវបានគេសន្និដ្ឋានថា Apple អាចនឹងបញ្ចេញទូរស័ព្ទ iPhone ជំនាន់ថ្មីដែលបំពាក់កញ្ចក់អេក្រង់ OLED តែមួយម៉ូដែលប៉ុណ្ណោះ៕