ថ្ងៃនេះក្រុមហ៊ុន LG Electronics បានប្រកាសតែងតាំងលោក Jo Seong-Jin ដែលជាប្រធានផ្នែកអាជីវកម្មគ្រឿងបរិក្ខាប្រើប្រាស់ក្នុងគេហដ្ឋាន (Home Appliance) ទៅកាន់តំណែងថ្មីគឺជាអនុប្រធាន និងជានាយកប្រតិ្តបត្តិថ្មីផ្នែកប្រតិបត្តិការទូរស័ព្ទចល័ត (Mobile Division)របស់ក្រុមហ៊ុន ដោយឡែកលោក Juno Cho ដែលជានាយកប្រតិ្តបត្តិចាស់ គឺនៅតែរក្សាដំណែងរបស់លោកដដែល។ លោក Jo Seong-jin គឺជាបុគ្គលមួយរូបដែលមានគំនិតច្នៃប្រឌិតខ្ពស់បើទោះបីជាលោករៀនបានត្រឹមថ្នាក់វិទ្យាល័យក៏ពិតមែន។ លោកបានចូលបម្រើការងារក្នុងក្រុមហ៊ុន LG កំឡុងឆ្នាំ 1976 ហើយស្នាដៃដំបូងរបស់លោក គឺបង្កើតនៅម៉ាស៊ីនបោកគក់ស្វ័យប្រវត្តិរហូតដល់ក្រុមហ៊ុនបានប្រសិទ្ធិនាមឲ្យលោកថា “Mr.Washing Machine” ថែមទៀតផង។
នៅក្នុងឆ្នាំ2013 លោកត្រូវបានតែងតាំងជាប្រធានផ្នែកអាជីវកម្មគ្រឿងបរិក្ខាប្រើប្រាស់ក្នុងផ្ទះ ហើយក្នុងកំឡុងពេលដែលលោកបំពេញតួនាទីក្នុងអាជីវកម្មមួយនេះលោកបានជួយជ្រំជ្រែងធ្វើឲ្យប្រាក់ចំណូលពីការលក់របស់ប្រើប្រាស់ទាំងឡាយរបស់ LG កើនឡើងប្រមាណ 25% កាលពីឆ្នាំ 2015។ លោកក៏មានគំនិតក្នុងការបង្កើតនូវផលិតផលថ្មីៗទំនើបៗជាច្រើនក្នុងឆ្នាំ 2016 ដោយលោក Jo បានចូលរួមបង្កើគម្រោងម៉ាករបស់ប្រើប្រាស់ដែលមានគុណភាពខ្ពស់របស់ LG ដែលហៅថា “ High-End LG Signature Brand”ដែលក្នុងនោះលោកទទួលរ៉ាប់រងក្នុងការបង្កើតផលិតផល Smart Home និងឧបករណ៍ IoT ហើយជាលទ្ធផលទូរក្លាសេស៊រីទំនើបមួយត្រូវបានបង្ហាញរូបរាងឡើយដោយមានបំពាក់នូវឧបករណ៍ថាបប្លេតអេក្រង់ទំហំ 29” ដំបូងគេបំផុតក្នុងលោក និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទៀតផង។
ការផ្លាស់ប្តូរលោក Jo Seong Jin ឲ្យទៅគ្រប់គ្រងរចនាសម្ព័ន្ធផ្នែកទូរស័ព្ទចល័តក្រុមហ៊ុនសង្ឃឹមថារូបលោកមានសមត្ថភាពខ្ពស់អាចជួយជ្រំជ្រែងឲ្យប្រត្តិបត្តិការទូរស័ព្ទចល័តរបស់ LG ងើបឡើងវិញនៅឆ្នាំ 2017។ ខណះដែលកំពូលស្មាតហ្វូនជំនាន់ថ្មី LG V20 ពេលនេះកំពុងតែមានទីផ្សារល្អ។ ជាមួយគ្នានេះដែល LG បានបង្ហើបឲ្យដឹងផងដែរថា នៅឆ្នាំ 2017 ក្រុមហ៊ុនគ្រោងបញ្ចេញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលទៀត (LG GG & V30) ដើម្បីវាយលុកទីផ្សារក្រោមការដឹកនាំដោយលោក Jo Seong Jin ផ្ទាល់។ ប្រត្តិបត្តិការលក់ទូរស័ព្ទចល័តរបស់ LG មានការធ្លាក់ចុះខ្លាំងចាប់តាំងពីត្រីមាសទីពីរក្នុងឆ្នាំ 2015 ប៉ុន្តែ នៅកំឡុងត្រីមាសទីបី 2016 ឃើញថា ការលក់មានការកើនឡើងបន្តិចវិញ។ ហើយ LG សង្ឃឹមថាការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងការគ្រប់គ្រងអាជីវកម្មស្មាតហ្វូនលើនេះអាចជួយធ្វើឲ្យការលក់ និងប្រាក់ចំណូលមានការកើនឡើងវិញក្នុងឆ្នាំ 2017 ដែលខិតជិតមកដល់នេះ៕