បើយោងទៅតាមរបាយការណ៍ថ្មីមួយក្តៅៗដែលទើបតែចេញពីកាសែត Wall Street Journal បានឱ្យដឹងថា លោក Skott Ahn ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG Technology បានបញ្ជាក់នៅថ្ងៃនេះថា ក្រុមហ៊ុន បានសម្រេចចិត្តដាក់ឈ្មោះទូរស័ព្ទស៊េរីថ្មីបំផុតនេះបន្តពីជំនាន់មុនដែលហៅថា LG G6 ។ ទូរស័ព្ទ LG G6 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុង “រយៈពេលដ៏ខ្លីខាងមុខនេះ”។ ក្រុមហ៊ុន LG មានគម្រោងក្នុងការប្រកាសបង្ហាញនូវទូរស័ព្ទស៊េរីថ្មីនេះនៅក្នុងព្រឹត្តិការណ៍ MWC 2017 នៅចុងខែកុម្ភៈខាងមុខនេះដែលដូចទៅនឹងការលើកឡើងសារមុនដែរ ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះវិញនិយាយថាការប្រកាសបង្ហាញនូវទូរស័ព្ទថ្មីនេះនៅមិនទាន់បានដឹងនៅឡើយនោះទេ។ ពាក់ព័ន្ធជាមួយនឹងកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការនេះ កាសែត WSJ បាននិយាយបន្ថែមថា ទូរស័ព្ទ LG គ្រោងនឹងចាប់ផ្តើមប្រកាសលក់នៅក្នុងអាមេរិចខាងជើង ទ្វីបអ៊ឺរ៉ុប និងប្រទេសកូរ៉េខាងត្បូង។
កាសែត Wall Street Journal ទទួលបានព័ត៌មាននេះពីក្រុមហ៊ុន LG ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺថាទូរស័ព្ទ LG នឹងធ្វើការផ្លាស់ប្តូរនូវរូបរាងថ្មីដែលប្លែកពី LG G5 (ទូរស័ព្ទដែលទទួលការបរាជ័យនៅក្នុងទីផ្សារ) ហើយក្រុមហ៊ុនបានទទួលបទពិសោធន៍ថ្មីថាអតិថិជនមិនចង់ចំណាយលុយបន្ថែមទៅលើទូរស័ព្ទ LG G5 នោះទេ។ សម្រាប់ទូរស័ព្ទស៊េរីថ្មីដ៏ស្រស់ស្អាតនាពេលខាងមុខនេះ ក្រុមហ៊ុន LG ចង់ផ្តោតទៅលើការប្រើប្រាស់នូវកញ្ចក់ដាក់នៅផ្នែកខាងក្រោយវិញ។ គំនិតមួយនេះក៏ធ្លាប់ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើង និងបែកធ្លាយរូបភាពរបស់វាផងដែរដែលមានទាំងរូបភាព Renders ទាំងមូលរបស់ទូរស័ព្ទ LG G6 ដែលបង្ហាញពីការរចនារូបរាងថ្មីខុសប្លែកពីមុន។ បន្ថែមពីនេះទៀត កាសែត WSJ បានកត់សម្គាល់ឱ្យដឹងថា តម្លៃបស់ទូរស័ព្ទ LG G6 ក៏មិនខុសឆ្ងាយពីតម្លៃរបស់ទូរស័ព្ទ LG G5 ផងដែរ ដូចនេះតម្លៃរបស់វាប្រហែលជានៅចន្លោះ 500 ទៅ 600 ដុល្លារអាមេរិចប៉ុណ្ណោះ។
នៅដើមសប្តាហ៍នេះ យើងបានទទួលដំណឹងថា ទូរស័ព្ទ LG ប្រហែលជាចំណាយទឹកប្រាក់ថោកជាងការផលិតទូរស័ព្ទ LG G5 ។ ការធ្វើបែបនេះអាចជួយឱ្យក្រុមហ៊ុន LG រកប្រាក់ចំណេញបានត្រឡប់មកវិញនៅក្នុងផ្នែកទូរស័ព្ទចល័តរបស់ខ្លួនបន្ទាប់ពីការខាតបង់រហូតជាច្រើនត្រីមាសមកហើយ។ លោក Skott Ahn ហាក់ដូចជាមានគំនិតសុទិដ្ឋិនិយមខ្លាំងចំពោះទូរស័ព្ទ LG G6 នេះ ហើយលោកបានបង្ហាញទៅកាន់កាសែត Wall Street Journal ថា ក្រុមហ៊ុនមួយនេះនៅតែតាំងចិត្តខ្ពស់ជានិច្ចនៅក្នុងជំនួញស្មាតហ្វូន ហើយយើងមិនដែលរាថយទៅលើការងារនេះនោះទេ។ វាពិតជាដំណឹងមួយដ៏រីករាយខ្លាំងណាស់៕