នាពេលបច្ចុប្បន្ននេះ នាឡិកាស្មាតវ៉ច Samsung Gear S3 កំពុងតែទទួលបាននូវប្រជាប្រិយភាព និងការគាំទ្រពេញនិយមយ៉ាងខ្លាំងក្នុងចំណោមនាឡិកាស្មាតវ៉ចជាច្រើនស៊េរីដោយសារតែលក្ខណៈពិសេសជាច្រើនរបស់វា។ ស្មាតវ៉ចនេះ មានភាពរឹងម៉ាំ ស្រស់ស្អាត និងភ្ជាប់ជាមួយនឹងមុខងារសំខាន់ៗជាច្រើនដែលលោកអ្នកចង់បានសម្រាប់ប្រើប្រាស់នៅលើនាឡិកាដៃ ហើយវាពិតជាផ្តល់នូវភាពរីករាយខ្លាំងមែនទែនក្នុងការប្រើប្រាស់។ ទោះបីជាស្មាតវ៉ចនេះ មានការពេញនិយមគាំទ្រខ្លាំងហើយក្តី វានូវតែត្រូវមានការរួមចំណែកពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈវីដេអូក្លីបដូចទៅនឹងផលិតផលជាច្រើនទៀត ដែលធ្លាប់បានធ្វើកន្លងមក។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung បានបញ្ចេញនូវវីដេអូក្លីបផ្សព្វផ្សាយថ្មីរបស់នាឡិកាស្មាតវ៉ចចំនួន 3 ដែលពិតអស្ចារ្យឡូយមែនទែន។
នៅក្នុងវីដេអូក្លីបទីមួយបង្ហាញពីការធ្វើដំណើរផ្លូវដ៏វែងឆ្ងាយជាមួយនឹងស្មាតវ៉ច Gear S3 ឆ្លងកាត់ភ្នំ Andes ដែលអ្នកកាសែតជនជាតិប្រេស៊ីល Pedro Andrade និងតារាសម្តែងស្រី Mel Fronckowiak បានឡើងទៅលើភ្នំ Macchu Picchu ។ ការធ្វើដំណើររបស់ពួកគេមានរយៈកំពស់ខ្ពស់ជាងកម្រិតទឹកសមុទ្រដល់ទៅ 4600 ម៉ែត្រ។
ចំនែកវីដេអូក្លីប 2 ផ្សេងទៀតបង្ហាញអំពីជីវិតឆ្ពោះទៅកាន់ភាពទាន់សម័យស៊ីវិល័យនៃការរស់នៅក្នុងទីក្រុង ដែលវីដេអូមួយបានបង្ហាញពីស្ទាយន៍ផ្សេងគ្នានៃការប្រើប្រាស់នាឡិកាស្មាតវ៉ច Gear S3 ហើយវីដេអូក្លីបមួយទៀតបានបង្ហាញអំពីតួសម្តែងប្រុសជានជាតិអង់គ្លេស និងជាតារាចម្រៀងផងដែរលោក Raleigh Ritchie បានប្រើប្រាស់នូវនាឡិកាស្មាតវ៉ចនេះនៅក្នុងការបំពេញការងារដ៏មមាញឹកប្រចាំថ្ងៃដូចជាការហាត់ប្រាណ ការស្តាប់ចម្រៀង ឬការជួបជុំមិត្តភក្តិទៀតផង៕