ជាថ្មីម្តងទៀត ទូរស័ព្ទ Huawei P10 ដែលមិនទាន់បានបង្ហាញខ្លួននោះពេលនេះ បានបែកធ្លាយរូបភាព Renders ជាច្រើនសន្លឹកដែលគួរឱ្យទាក់ទាញមែនទែន។ ជាមួយគ្នានេះ ផងដែរ លក្ខណៈសម្បត្តិពេញលេញរបស់ទូរស័ព្ទស៊េរីថ្មីនេះ ក៏ត្រូវបានបែកធ្លាយមកជាមួយគ្នាផងដែរ។ រូបភាពបែកធ្លាយនេះ បានបញ្ជាក់ថា ទូរស័ព្ទ Huawei P10 នឹងភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5.2 អ៊ីង ឬ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1440p QHD AMOLED ដែលជាការវិវត្តន៍ថ្មី ពីការប្រើប្រាស់អេក្រង់កម្រិតភាពច្បាស់ 1080p Full HD សម្រាប់ Huawei P9 ស៊េរីឆ្នាំ 2016 នោះ។ ស្មាតហ្វូនHuawei P10 នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 960 64-bit Octa-Core ដែលមានល្បឿន 2.3GHz ក្រាហ្វិកកាតប្រភេទ Mali G71 GPU រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB នេះបើតាមការបញ្ជាក់របស់ Android Headlines ។
បើពិនិត្យទៅលើការរចនារូបរាងផ្នែកខាងក្រៅរបស់វា ទូរស័ព្ទ Huawei P10 បានប្រើប្រាស់នូវអេក្រង់គែមកោងសងខាងពីរដែលស្រោបទៅដោយលោហៈអាលុយមីញ៉ូមនៅខាងក្រៅ។ ប៊ូតុង Power និង Volume ស្ថិតនៅផ្នែកខាងស្តាំ នៃទូរស័ព្ទស៊េរីថ្មីនេះ ហើយនៅផ្នែកខាងក្រោមវាមានប៊ូតុង Home Key ដែលមានទំហំធំ ប៉ុន្តែប្រព័ន្ធស្កែនក្រយ៉ៅដៃគឺស្ថិតនៅផ្នែកខាងក្រោយនៃទូរស័ព្ទនេះ។ ទូរស័ព្ទ Huawei P10 បំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ហើយកាមេរ៉ាភ្លោះនេះក៏ស្ថិតនៅផ្នែកខាងក្រោយដូចទៅនឹងទូរស័ព្ទ Huawei P9 ផងដែរ។ ក្រុមហ៊ុនផលិតកាមរ៉ារបស់ប្រទេសអាឡឺម៉ង់ Leica ត្រូវបានគេដឹងថាជាអ្នកផលិតនូវកាមេរ៉ា Lens ភ្លោះនេះសម្រាប់ទូរស័ព្ទ Huawei P10 ។
ទូរស័ព្ទស៊េរីថ្មីនេះ អាចនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ជាមួយនឹង EMUI ជំនាន់ចុងក្រោយដែលដំណើរការនៅផ្នែកខាងលើ។ វាក៏មានពាក្យចចាមអារ៉ាមជាច្រើន ដែលនិយាយថា ទូរស័ព្ទ Huawei P10 នេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃផងដែរ។ បើយោងតាមប្រភពពី Tech Times បានបញ្ជាក់ថា ទូរស័ព្ទនេះ នឹងប្រើប្រាស់នូវជំនួយការឆ្លាតវៃជាសំឡេង Alexa ដែលផលិតឡើងដោយក្រុមហ៊ុន Amazon។ បន្ថែមពីនេះ Huawei P10 នេះ ក៏នឹងបង្ហាញខ្លួនជាមួយនឹងម៉ូដែល Huawei P10 Plus ដែលមានអេក្រង់ទំហំធំផងដែរ ដោយម៉ូដែលនេះ នឹងមានលក្ខណៈសម្បត្តិដូចគ្នាជាមួយនឹង Huawei P10 ដោយគ្រាន់តែទំហំអេក្រង់របស់វាគឺ 5.5 អ៊ីង។ ទូរស័ព្ទ Huawei P10 និង Huawei P10 Plus ត្រូវបានគេដឹងថា នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលណាមួយក្នុងខែមីនា ឬមេសាឆាប់ៗនេះ៕