នៅពេលនេះស្មាតហ្វូនដែលមិនទាន់បានប្រកាសបង្ហាញវត្តមាន ដែលមានកូដឈ្មោះថា Ocean Note បានបែកធ្លាយរូបភាពជាច្រើនសន្លឹកហើយ។ ទូរស័ព្ទស៊េរីថ្មីនេះបានប្រើប្រាស់នូវអេក្រង់ Secondary Display ដែលស្រដៀងទៅនឹងទូរស័ព្ទ LG V10 និង LG V20។ មាន រូបភាពបែកធ្លាយជាច្រើនសន្លឹករបស់ទូរស័ព្ទ HTC Ocean Note ត្រូវបានរកឃើញតាមរយៈការបង្ហោះនៅលើ Weibo ហើយបានចែកចាយបន្តតាមរយៈគេហទំព័រ Android Police ។ រូបរាងរបស់ទូរស័ព្ទថ្មីនេះ មានលក្ខណៈស្រដៀងទៅនឹងស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ ដោយវាបានស្រោបទៅដោយកញ្ចក់នៅពីខាងក្រៅច្រើនជាងការប្រើប្រាស់នូវលោហធាតុអាលុយមីញ៉ូម។ កាមេរ៉ារបស់ទូរស័ព្ទនេះ ត្រូវបានរចនាយ៉ាងស្រស់ស្អាតស្ថិតនៅផ្នែកខាងក្រោយ ហើយអ្វីដែលដូចគ្នាជាមួយនឹងទូរស័ព្ទ iPhone 7/7 Plus នោះគឺថា វាមិនប្រើប្រាស់រន្ធដោតកាស 3.5 mm Headphone Jack ដែរ។
លក្ខណៈសម្បត្តិរបស់ផ្នែក Hardware ដែលគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺការប្រើប្រាស់នូវអេក្រង់ Secondary Display ដែលស្ថិតនៅផ្នែកខាងលើអេក្រង់ Primary Screen ។ គួរបញ្ជាក់ផងដែរ អេក្រង់ Secondary Display ត្រូវបានប្រើប្រាស់ដំបូងបំផុតដោយក្រុមហ៊ុន LG សម្រាប់ទូរស័ព្ទ LG V10 នៅក្នុងឆ្នាំ 2015 ហើយបន្ទាប់មកត្រូវបានប្រើប្រាស់នៅលើទូរស័ព្ទ LG V20 នៅក្នុងឆ្នាំ 2016 ។ ការប្រើប្រាស់នូវអេក្រង់ Secondary Display ផ្តល់នូវភាពងាយស្រួលសម្រាប់ទូរស័ព្ទ HTC Ocean Note ក្នុងការបង្ហាញនូវសាររំលឹក Notifications និងកម្មវិធី Shortcuts បានថែមទៀត។ វាថែមទាំងមានជម្រើសក្នុងការប្រើប្រាស់មុខងារ Always-on-display Mode ថែមទៀត។ មុខងារទាំងអស់នេះ ត្រូវបានរកឃើញនៅលើទូរស័ព្ទរបស់ LG ផងដែរ។
សម្រាប់លក្ខណៈសម្បត្តិ ដែលត្រូវបានបែកធ្លាយកាលពីពេលមុននេះ បានឱ្យដឹងថា ទូរស័ព្ទ HTC Ocean Note នឹងមានអេក្រង់ទំហំដល់ទៅ 6 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1440p WQHD បន្ទះឈីបប្រភេទ MSM8998 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងថ្មដែលមានថាមពល 4000mAh ។ បន្ទះឈីប MSM8998 ត្រូវបានគេដឹងថាជា Snapdragon 835 ស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm នេះបើតាមការបញ្ជាក់របស់ Android Pure ។
យ៉ាងណាមិញ បញ្ហាមួយដែលបានដឹងនៅក្នុងពាក្យចចាមអារ៉ាមថ្មីនេះគឺថា ទូរស័ព្ទ Samsung Galaxy S8 ត្រូវបានគេនិយាយថា គឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 835 ។ បើយោងតាមប្រភពពី VentureBeat បានឱ្យដឹងថា បន្ទះឈីបសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ Ocean Note ប្រហែលជាត្រឹមតែ Snapdragon 821 តែប៉ុណ្ណោះ។ កាលពីសប្តាហ៍មុននេះ គេហទំព័រ IBT បានរាយការណ៍ថា ទូរស័ព្ទ Ocean Note ប្រហែលជាមានឈ្មោះហៅថា HTC U Ultra ព្រោះថាក្រុមហ៊ុនមួយនេះត្រៀមក្នុងការប្រកាសនូវស្មាតហ្វូនស៊េរីថ្មីក្នុងព្រឹត្តិការណ៍ “For U” របស់ក្រុមហ៊ុន HTC ដែលធ្វើនៅថ្ងៃទី 12 ខែមករានេះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់មួយនេះត្រូវបានគេរំពឹងថានឹងប្រកាសបង្ហាញនូវទូរស័ព្ទពីរស៊េរីម៉ូដែលគឺ HTC U Pay (ដែលមានកូដឈ្មោះថា Alpine) និង HTC X10 ៕