នៅចុងឆ្នាំនេះ ក្រុមហ៊ុន Apple ត្រូវបានគេការព្យាករណ៍ថា នឹងដាក់លក់នាឡិកាឆ្លាតវៃ Apple Watch LTE របស់ខ្លួន ហើយនាឡិកាឆ្លាតវៃស៊េរីថ្មីនេះ ពិតជាជួយបង្កើនការលក់របស់ក្រុមហ៊ុន Apple ជាក់ជាមិនខាន។ ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple បានលក់នាឡិកាឆ្លាតវៃ Apple Watch បានចំនួន 10 លានគ្រឿងរួចមកហើយចាប់តាំងពីការដាក់លក់នៅក្នុងឆ្នាំ 2015។ ប្រភពដដែលនេះ បានរាយការណ៍ថា ក្រុមហ៊ុន នឹងអាចលក់នាឡិកាឆ្លាតវៃនេះបានចំនួន 5 លានគ្រឿងបន្ថែមទៀតនៅក្នុងត្រីមាសទី 4 ឆ្នាំនេះ។ ដូចនេះ ចំនួនសរុបនៃការលក់នាឡិកាឆ្លាតវៃ Apple Watch នឹងកើនឡើងដល់ 15 លានគ្រឿង។
នាឡិកាឆ្លាតវៃជំនាន់ទី 3 Apple Watch ដែលនឹងមានភ្ជាប់ជាមួយបណ្តាញ LTE មានប្រព័ន្ធដំណើរការលឿនជាងមុន ហើយនាឡិកាឆ្លាតវៃនេះ ក៏នាំយកនូវការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី Apps របស់ខ្លួនផងដែរសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន។ រឿងនេះបានធ្វើអោយក្រុមអ្នកវិភាគគិតថា ការលក់សរុបរបស់ក្រុមហ៊ុន Apple នឹងកើនឡើងដល់ 20 លានគ្រឿងនៅក្នុងឆ្នាំ 2018 ។ ទោះជាយ៉ាងណាក៏ដោយ វាមើលទៅហាក់ដូចជានាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Apple Watch LTE ដែលគ្រោងបង្ហាញខ្លួននៅក្នុងឆ្នាំនេះនៅមិនទាន់អាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android បាននោះទេ។ របាយការណ៍នេះបញ្ជាក់ថា វាពិតជាមានការពិបាកក្នុងការប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android នោះ៕