ប្រធានផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Motor បានទម្លាយនៅដើមសប្តាហ៍នេះថា ក្រុមហ៊ុនមានគម្រោងក្នុងការអភិវឌ្ឍទៅលើបន្ទះឈីបផ្ទាល់ខ្លួន។ ការវិវត្តន៍នេះ គឺចំពេលដែលមានកង្វះទៅលើបន្ទះឈីបជាសកលដេលក្រុមហ៊ុនជាច្រើនបានកាត់បន្ថយនូវការពឹងផ្អែកទៅលើក្រុមហ៊ុនផលិតបន្ទះឈីប។
គួរបញ្ជាក់ថា ពេលនេះ ពិភពលោកកំពុងតែប្រឈមមុខទៅនឹងបញ្ហានៃកង្វះទៅលើបន្ទះឈីបដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ឧស្សាហកម្មជាច្រើននៅជុំវិញពិភពលោកដែលនៅក្នុងនោះ ក៏មានឧស្សាហកម្មផលិតរថយន្តផងដែរ។ កង្វះខាតទៅលើបន្ទះឈីបនេះក៏បណ្តាលអោយមានការផ្អាកទៅលើការផលិតរថយន្តផងដែរ។ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai ក៏មានគម្រោងក្នុងការផលិតនូវបន្ទះឈីបផ្ទាល់ខ្លួនដើម្បីឈប់ពឹងផ្អែកនៅលើក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងផងដែរ។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះបានជួបប្រទះនូវស្ថានភាពដ៏លំបាកខ្លាំងបំផុតនៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំ 2021 នេះ។
លោក ose Munoz ដែលជា COO របស់ក្រុមហ៊ុននេះ បាននិយាយថា រឿងដែលអាក្រក់បំផុតសម្រាប់ក្រុមហ៊ុននេះគឺដោយសារតែបញ្ហានៃកង្វះខាតទៅលើបន្ទះឈីប។ គាតបន្ថែមថា យើងចង់ធ្វើការអភិវឌ្ឍទៅលើបន្ទះឈីបខ្លួនឯង ដូចនេះយើនឹងមិនប្រឈមមុខទៅនឹងបញ្ហានៃស្ថានភាពបែបនេះទៀតទេ។ វានឹងមានការចំណាយទៅលើការវិនិយោគយ៉ាងច្រើន និងពេលវេលាផងដែរ ប៉ុន្តែនេះគឺជាអ្វីដែលយើងនឹងធ្វើវា។
ប្រធានជាន់ខ្ពស់នេះ រូបនិយាយថា ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការបញ្ចេញនូវរថយន្តជាច្រើនម៉ូឌែលទៅតាមផែនការរបស់ខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំនេះផងដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េនេះក៏កំពុងតែធ្វើការផលិតនូវរថយន្តអេឡិចត្រូនិចសម្រាប់ទីផ្សារអាមេរិកនៅក្នុងឆ្នាំ 2022 នេះផងដែរ។ ក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមួយនៅក្នុងចំនោមក្រុមហ៊ុនជាច្រើនដូចជា Tesla និង Toyota ដែលប្រឈមមុខទៅនឹងបញ្ហានៃកង្វះបន្ទះឈីបនេះ៕