Hongqi ដែលជាម៉ាកយីហោរថយន្តស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន FAW Group របស់ប្រទេសចិន បានធ្វើការនាំយករថយន្តស៊េរីថ្មីម៉ូដែល EH7 ដែលជារថយន្តទំនើបមានដំបូលអាចបត់ទំលាក់ចុះបានទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិរណ៌រថយន្តប្រចាំឆ្នាំនៅទីក្រុងប៉េកាំង 2024 Beijing Auto Show។ រថយន្តស៊េរីថ្មីទំនើបនេះដែលមានដំបូលអាចបត់ទំលាក់ចុះបាន នៅក្នុងគ្រួសារ Hongqi EH7 Sedan ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីថ្ងៃទី 20 ខែមិនា កន្លងទៅ។
លើកលែងតែដំបូងដែលអាចបត់ទម្លាក់ចុះបាន ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Hongqi EH7 ថ្មីនេះ គឺមិនខុសគ្នាពីម៉ូដែល EH7 ម៉ូដែលស្តង់ដារនោះទេ ដោយក្នុងនោះមានការឌីស្សាញខាងមុខបិទជិត ឬហៅថា Closed grille Design រំលេចដោយចង្កៀងរចនារាងលេង 7 (7-Shaped Headlight)។
រថយន្ត Sedan ស៊េរីថ្មីទំនើបរបស់ Hongqi មួយនេះមានប្រវែងបណ្តោយ 4,980mm X ទទឹង 1,915mm X កម្ពស់ 1,490mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 3,000mm។ នៅពេលបត់ដំបូលទម្លាក់ចុះ យើងឃើញមានការឌីស្សាញផ្នែកខាងក្នុងបែបទំនើប និង Tech និយមមែនទែន ដោយក្នុងនោះរួមមានអេក្រង់ LCD Digital Instrument នៅខាងក្រោយចង្កូតទំហំ 6-inch និងអេក្រង់កម្សាន្តនៅកណ្តាលប្រភេទ Curved dual-screen ទំហំ 15.5-inch ព្រមជាមួយការគាំទ្រជាមួយបច្ចេកវិទ្យា AR HUD (Augmented Reality Head-Up Display) system ដ៏ទំនើបថែមទៀតផង។
សម្រាប់ប្រព័ន្ធគ្រប់គ្រងលើមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ទូទៅនៅលើ Hongqi EH7 Convertible គឺពឹងផ្អែកទៅលើបន្ទះឈីប Qualcomm Snapdragon 8155។ ចំនែកដៃចង្កូតវិញ មានការឌីស្សាញបែបរថយន្តស្ព័រដ៏ប្រណិត។ Hongqi EH7 Convertible មានជម្រើសម៉ូដែលប្រើប្រាស់ប៉ុងមួយ (rear-wheel-drive) និងប៉ុងពីរ (Four-Wheel-drive)។ រថយន្តអគ្គិសនី Sedan ដ៏ទំនើបនិយមមួយនេះ បានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីប្រភេទ ternary lithium battery ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CALT។ EH7 អាចជាន់សន្ទុះល្បឿនពី 0-ទៅ-100km/h ប្រើពេលខ្ទង់ប្រមាណ 3.5 វិនាទី។ បច្ចុប្បន្នរថយន្ត Sedan ដ៏ទំនើបេរបស់ Hongqi ម៉ាក EH7 នេះ ត្រូវបានក្រុមហ៊ុនចេញលក់ជាមួយជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នា ដោយមានតម្លៃចាប់ពីខ្ទង់ប្រហែល $31,900 ដល់ $43,000។
ដោយឡែកសម្រាប់ម៉ូដែលថ្មី EH7 Convertible ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីតម្លៃនោះទេ ប៉ុន្តែ គេបានប៉ាន់ប្រមាណថា អាចនឹងមានតម្លសខ្ពស់ជាងទាំង 5 ម៉ូដែល កំពុងដាក់លក់នៅក្នុងទីផ្សារប្រទេសចិន។ Hongqi EH7 Series អាចបើកបរបានរយះចំងាយផ្លូវដល់ 800km នៅពេលសាកថាមពលអាគុយអគ្គិសនីមួយពេញម្តង ហើយសម្រាប់ការសាកភ្លើងវិញ គឺគាំទ្របច្ចេកវិទ្យា Fast Charging ថែមទៀតផង។ បច្ចុប្បន្ន Hongqi បាននឹងកំពុងផ្តល់នូវប្រភេទរថយន្តប្រភេទប្រណិត Luxury នៅក្នុងទីផ្សាររថយន្តបច្ចុប្បន្ន៕