កាលពីថ្ងៃទី 23 មេសា ម្សិលមិញនេះ ស្លាកយីហោរថយន្ត Haval របស់ក្រុមហ៊ុន Great Wall Motor បានធ្វើការប្រកាសចេញលក់រថយន្ត off-road SUV ស៊េរីថ្មីឆ្នាំ 2024 ម៉ូដែល Haval Raptor Hi4 នៅទីផ្សារប្រទេសចិន ដែលមានតម្លៃខ្ទង់ចាប់ពី $22,900 ដល់ $26,600 ជាមួយជម្រើស 4 ម៉ូដែលក្នុងនោះរួមមាន Haval Raptor Hi4-102 Air, Hi4-102 Pro, Hi4-145 Pro និង Hi4-145 Chuanyue។
Haval Raptor Hi4-2024 បានបន្ថែមជម្រើសពណ៌ថ្មីចំនួនពីរបន្ថែមទៀតដែលមានពណ៌លឿងហៅថា Storm Yellow និងពណ៌ប្រផេះហៅថា Ink Jiangnan Gray។ រថយន្ត Off-road SUV ស៊េរីថ្មីនេះប្រើសម្បកកង់ខ្នាត 225/60 R19 និង 265/60 R18។ Haval Raptor Hi4-2024 បានពាក់នូវប្រព័ន្ធ Hi4 four-wheel drive plug-in hybrid system របស់ក្រុមហ៊ុន Great Wall Motor ដំណើរការជាមួយម៉ាស៊ីនចំនុះ 1.5-Liter turbocharged engine មានលេខកូដសំគាល់ GW4B15E ដែលអាចផលិតកំលាំងបាន 123kW និងកំលាំងរមូល 243Nm។
រថយន្តស៊េរីថ្មីឆ្នាំ 2024 នេះនៅមានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន 2 (Front+ Rear Motor) ដែលម៉ូទ័រខាងមុខអាចផលិតកំលាំងបាន 70kW និងម៉ូទ័រខាងក្រោយអាចផលិតកំលាំងបាន 150kW ជាមួយកំលាំងរមូល 160Nm និង 350Nm។ រថយន្ត off-road SUV នេះ អាចជាន់ល្បឿន Top-Speed បានដល់ 190km/h។ សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ ប្រើប្រភេទ lithium iron phosphate batteries ដែលមានទំហំពីរជម្រើស គឺ 19.09kWh និង 27.54kW ដែលទាំងពីរជម្រើស គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន និងល្បឿនធម្មតា (Fast/Low Charging) ដូចគ្នា។ សម្រាប់ការសាកភ្លើងល្បឿនលឿន Fast Charging គឺអាចសាកពី 30% ទៅ 80% ប្រើពេលខ្ទង់ 28 នាទី។ សម្រាប់ថាមពលក្នុងការបើកបរវិញ គឺអាចបានដល់រយះចំងាយផ្លូវជាង 1,000 គីឡូម៉ែត្រ។
បើតាមការធ្វើតេស្តសមត្ថភាពសន្ទុះល្បឿនដោយស្ថាប័ន NEDC បានបង្ហាញថា សម្រាប់ម៉ូដែល Hi4-102 Air និង Hi4-102 Pro អាចជាន់ពីកុងទ័រ 0 ទៅ 100km/h ប្រើពេល 6 វិនាទី ហើយទាំងពីរម៉ូដែលនេះអាចបើកបរបានចំងាយផ្លូវដល់ 102km ដោយប្រើថាមពលអាគុយអគ្គិសនីសុទ្ធ។ ចំនែកម៉ូដែល Hi4-145 Pro និង Hi4-145 Chuanyue វិញអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.2 វិនាទី និងអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចំងាយផ្លូវ 145km។
សម្រាប់ការតុងតែងលម្អសោភ័ណ្ឌភាពខាងក្នុងវិញ Haval Raptor Hi4-2024 រំលេចដោយពណ៌ខ្មៅ ជាមួយកៅអីពណ៌ទឹកដោះគោ និងដៃចង្កូតរចនាមូល ដោយនៅខាងក្រោយដៃចង្កូតមានបំពាក់នូវអេក្រង់ LCD Digital Instrument ទំហំ 12.3-inch ជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំ 14.6-inch ជាអេក្រង់ថាច់ស្រ្គីន ក៏ដូចជាមានប្រព័ន្ធបាញ់បង្ហាញលើកញ្ចក់ខាងមុខ Head-Up Display (W-HUD) បានក្នុងទំហំ 9-inch ថែមទៀតផង។ ដោយឡែកសម្រាប់ម៉ូដែលកំបូល Hi4-145 Pro និង Hi4-145 Chuanyue មានបំពាក់ជាមួយអំពូលភ្លើងបំភ្លឺនៅក្នុងកាប៊ីន Camping light និងមុខងារកំដៅដៃចង្កូត មុខងារកំនត់ការចង់ចាំសម្រាប់ការបើកបរ driving record, ប្រព័ន្ធ Speaker បំពងសំឡេងចំនួន 10 គ្រាប់, មានកញ្ចក់មើលក្រោយជាប្រភេទ Anti-glare rearview mirror និងប្រព័ន្ធម៉ាស៊ីនត្រជាក់គុណភាពខ្ពស់ Air quality system ថែមទៀតផង។
ជាមួយគ្នានេះ Haval ក៏បានបង្កើនសមត្ថភាពនៅលើប្រព័ន្ធសុវត្ថិភាពនៅលើ Raptor Hi4-2024 ផងដែរជាមួយប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពកម្រិត L2+ advance driving assistant function ដែលធ្វើការជាមួយប្រព័ន្ធសែនស័រចំនួន 11 គ្រាប់ ដើម្បីផ្តល់ជូននូវសុវត្ថិភាពក្នុងការបើកបរប្រកបដោយសុវត្ថិភាព និងផាសុខភាព។ បន្ថែមពីនេះនៅលើរថយន្តទាំងមូលមានកន្លែងសម្រាប់ទុកដាក់សំភារៈចំនួន 44 កន្លែង ជាមួយផ្នែកខាងក្រោយអាចផ្ទុកទំងន់បានចំនួន 586 លីត្រផងដែរ៕