ថ្មីៗនេះ មានការប្រទះឃើញនូវការបង្ហោះនូវរូបភាពថ្មីមួយ ដែលមានការបង្ហាញនូវរថយន្តទំនើបថ្មីមួយរបស់ក្រុមហ៊ុន GAC ម៉ូដែល New EMKOO ដែលរូបភាពនេះ គឺមានប្រភពចេញពី Page ផ្លូវការណ៌របស់ក្រុមហ៊ុនផ្ទាល់តែម្តង។ បើក្រឡេកទៅមើលរូបភាពនេះ គឺបានបង្ហាញថា New EMKOO គឺជារថយន្តដ៏ទំនើបមួយ ដែលត្រូវបានក្រុមហ៊ុនរចនារូបរាងឡើងថ្មីប្រណិតស្របតាមបរិបទឧស្សាហកម្មបច្ចេកវិទ្យារថយន្តទំនើបកម្រិតខ្ពស់ “Hi-Tech Industrial Aesthetics” ជាមួយការរចនាថ្មីដែលបាញ់តម្រង់ទៅរកនិន្នាការប្រកបដោយសោភ័ណ្ឌភាពថ្មីស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនៅក្នុងវិថីឧស្សាហកម្មរថយន្តនាពេលអនាគត និងសម្រាប់មនុស្សជំនាន់ថ្មី។
បើមើលទៅលើផ្នែកខាងមុខ New EMKOO ត្រូវបានរចនាឡើងជាមួយផ្ទាំងប៉ាណាធំស្ទើរតែពេញផ្នែកខាងមុខជាមួយរចនាបែបឆ្នូតបញ្ឆិតប្រទាក់គ្នាមើលទៅពិតជាមានភាពទាក់ទាញដែលហៅថា “Illuminant Grille” និងមានរំលេចដោយស្លាកសញ្ញាអក្សរ ‘G’ នៅចំកណ្តាលចង្លោះចង្កៀង LED ហើយក៏មិនភ្លេចរំលេចដោយម៉ូឌែល “EMKOO” មួយផ្ទាំងនៅចំកណ្តាលសំណាញប៉ាណារបស់រថយន្ត។ សម្រាប់អំពូល LED វិញត្រូវបានរចនាឡើងមានរាងជាអក្សរ “V” ហៅថា “V-Shaped Design” ជាមួយអំពូល LED និង Daytime running light អូសកាត់នៅខាងលើ និងកាត់បញ្ឆិតចុះក្រោមចូលក្នុងប៉ាណាមួយបន្ទាត់ហៅថា “Eyes of Revelation”។ ហើយនៅផ្នែកខាងលើមានកាងសំរាប់ភ្ជាប់ដាក់អីវ៉ាន់ រីដៃទ្វារត្រូវបានរចនាលឹបចូលលូនចេញដែលមើលទៅកាន់តែមានភាពទំនើប។
ក្រឡេកមកផ្នែកខាងក្រោយរបស់ New EMKOO វិញត្រូវបានរចនាបែប “avant-garde design” ព្រមទាំងមានរំលេចការតុបតែងឲ្យកាន់តែមានភាពទាក់ទាញជាមួយ Spoiler រួមជាមួយរន្ធបំពង់ស៊ីម៉ាំងភ្លោះដែលធ្វើឲ្យ New EMKOO មើលទៅកាន់តែមានភាពស្រស់ស្អាតទាក់ទាញ និងអំនាចនៅលើដងវិថី។ ជាងនេះទៅទៀតក៏មានរំលេចដោយអំពូលភ្លើងពណ៌ក្រហមដុតច្បាស់ហៅថា “"Quantum Lightsabers" នៅសងខាងរាងអក្សរ “V” ផ្តល់ពន្លឺភ្លើងច្បាស់នៅពេលបើកបរនៅពេលរាត្រី កាត់បន្ថយហានិភ័យកម្រិតខ្ពស់ដោយអ្នកបើកបរនៅខាងក្រោយ។ និយាយរួមទៅគំរូនៃការរចនារបស់ New EMKOO គឺជារចនាបថថ្មីប្លែកដាច់ពីម៉ូដែលរថយន្ត GAC បច្ចុប្បន្ន។